ព័ត៌មាន
កម្ពុជា-សិង្ហបុរីប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេះ ៖នៅព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។ សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជម្នះរបស់ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងអំណរគុណសម្តេចបវរធិបតី យ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះស្របពេលខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយូរអង្វែង និងរឹងមាំ រវាងប្រទេសយើងទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ថ្នាក់ដឹកទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់កម្រិត និងគ្រប់វិស័យ, ព្រមទាំងប្ដេជ្ញាបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងក្របខ័ណ្ឌទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និង ការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ។ ក្នុងក្របខ័ណ្ឌពហុភាគី, ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ៕






-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា