ព័ត៌មាន
ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលកម្ពុជា
ភ្នំពេញ៖តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ខណៈដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះមហាសក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់សិង្ហបុរី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៨៖៤០នាទី ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងនោះរួមមានឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។
បន្ទាប់ពីអញ្ជើញដល់កម្ពុជា នៅព្រឹកនេះ ឯកឧត្តម ឡរ៉េន វ៉ុង និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏មានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង, ជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជំនួបទ្វេភាគីជាមួយសមម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាផងដែរ។
នៅវេលាម៉ោងប្រមាណ១១៖៤០នាទីព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិតក៏បានរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ នៅវិមានសន្តិភាពបន្ទាប់មកមេដឹកនាំប្រទេសទាំងពីរក៏មានជំនួបទ្វេភាគី។
ក្រៅពីជំនួបរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្ដីទីមួយរបស់កម្ពុជា បានអញ្ជើញរួមដំណើរជាមួយ លោកជំទាវ Loo Tze Lui ភរិយារបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី អញ្ជើញទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា។
សូមជម្រាបថា កម្ពុជា និងសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឡរ៉េន វ៉ុង កើតឡើងស្របពេលនៃការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសិង្ហបុរីដែលជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ៕



















-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង