Connect with us

ព័ត៌មាន

ស្ថានអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា (CGTI) រួមគ្នាផ្តល់ជំនួយមនុស្ស ធម៌ដល់សិស្សនិងកុមារដែលសិក្សារនិងកំពុងស្នាក់នៅក្នុងអង្គការអរុណរះកម្ពុជា (Sunrise Cambodia)

(កណ្តាល) ស្ថានអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានបណ្តុះ បណ្តាលសម្លៀកបំពាក់កម្ពុជា (CGTI) បានរួមគ្នាផ្តល់ជំនួយមនុស្សធម៌ជាទូរសោរចាក់ផ្ទាល់ខ្លួនចំនួន ៤៨ ទូរ ដល់សិស្សនិងកុមារដែលសិក្សារនិងកំពុងស្នាក់នៅក្នុងអង្គការអរុណរះកម្ពុជា (Sunrise Cambodia) ដែលជាមជ្ឈមណ្ឌលអប់រំ និងថែទាំសិស្ស និងកុមារនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនារួមគ្នា “អំណោយមួយ បេះដូងពីរ គ្រប់យ៉ាងសម្រាប់គំនិតភ្លឺស្វាង”នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយប្រព្រឹត្តឡើងពោរពេញដោយភាពរីករាយ ខណះមានការសម្តែងសិល្បះប្រពៃណីបុរាណខ្មែរជាច្រើនទម្រង់ពី សំណាក់សិស្សានុសិស្ស ,ការដើរទស្សនកិច្ចតាមថ្នាក់ រៀនដោយភ្ជាប់ទំនាក់ទំនងដ៏មានន័យរវាងភ្ញៀវ និងសិស្សវ័យក្មេង។រួមទាំងថតរូបជាក្រុម និងអាហារថ្ងៃត្រង់រួមគ្នាជាមួយសិស្សដែលបាននាំនូវដំណើរទស្សនកិច្ចយ៉ាងកក់ក្តៅ ។

ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេស Cyprus ប្រចាំកម្ពុជា បានចែករំលែកថា “យើងជឿថាការធ្វើដំណើររបស់កុមារតាមរយៈការអប់រំត្រូវបានគាំទ្រមិនត្រឹមតែដោយមេរៀនប៉ុណ្ណោះទេ ប៉ុន្តែដោយសេចក្តីថ្លៃថ្នូរ ការយកចិត្តទុកដាក់ និងការលួងលោមជាប្រចាំថ្ងៃ។ អំណោយជា ទូរមានសោរចាក់ផ្ទាល់ខ្លួនទាំងនេះ គឺជាកាយវិការសាមញ្ញមួយដើម្បីជួយឲ្យសិស្សគ្រប់រូបមានអារម្មណ៍សុវត្ថិភាព និង មានតម្លៃ ។

ដោយឡែកលោក Andrew Tey នាយកមជ្ឈ មណ្ឌល CGTI ក៍បានថ្លែងថា អំណោយមនុស្សធម៌នៅ ពេលនេះគឺជាផ្នែកមួយនៃអ្វីដែលផ្តល់ឱ្យសិស្សនិងកុមារមានអារម្មណ៍នៃការទទួលខុសត្រូវ និង មោទនភាពនៅ ក្នុងបរិយាកាសសិក្សារបស់ពួកគេ។ដោយលោកបញ្ជាក់ថា នឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់ទៀតសម្រាប់សិស្សនិង កុមារនៅក្នុងអង្គការនេះ។

សម្រាប់ការរួមចំណែកដ៏សប្បុរសធម៌នេះលោកស្រី Tracey Shelton នាយកប្រចាំប្រទេសនៃ Sunrise Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយថ្លែងថា អំណោយបរិច្ចាកនៅពេលនេះ គឺមានន័យខ្លាំងណាស់សម្រាប់សិស្សរបស់យើង ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់ពួកគេ ។ លោកស្រីបន្តថា ” គំនិតផ្តួចផ្តើមសហការនេះ បង្ហាញពីថាមពលនៃភាពជាដៃគូដែលមានគោលបំណង និង ជំនឿរួមគ្នាដែលជម្រុញដល់សិស្សគ្រប់រូបកាន់តែរីក ចម្រើននៅក្នុងការសិក្សានិងការរស់នៅរបស់ពួកគេ ។

សូមជម្រាបថា អង្គការអរុណរះកម្ពុជា (Sunrise Cambodia ) គឺជា ស្ថាប័នមិនរកប្រាក់ចំណេញ ដ៏ល្បីល្បាញមួយកំពុង​ធ្វើការ​​នៅ​លើ​​ទឹក​ដី​ប្រទេស​កម្ពុជា ដើម្បីផ្ដល់ជំនួយចាំបាច់​ទៅដល់កុមារងាយ​រងគ្រោះ គ្រួសារ​កំពុង​មាន​ការ​លំបាក និងសហគមន៍​ក្រីក្រ​ នៅ​ក្នុង​ខេត្ត​ក្រីក្រ​បំផុតនៃប្រទេស​កម្ពុជា​ ។

គម្រោង​របស់​អង្គការអរុណរះកម្ពុជា បានចាប់ផ្ដើមនៅអំឡុងឆ្នាំ 1990 នៅ​ពេល​ដែល​ជនជាតិ អូស្រ្តាលីភាគខាងត្បូងម្នាក់ ឈ្មោះ ហ្សេរ៉ាល់ឌីន ខុក្ស បានទៅជួយសង្រ្គោះកុមារកំព្រាមួយក្រុមដែលបានតស៊ូរស់យ៉ាងលំបាកដោយខ្លួនឯងនៅតាមព្រំដែនថៃ។ ក្មេងៗកំព្រាទាំងនេះគឺ​បាត់បង់ ឪពុកម្តាយ ជីដូនជីតា នៅក្នុងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត។ ហ្សេរ៉ាល់ឌីន ក៏បានក្លាយជា «ម្ដាយរបស់​កុមារ​ជា​ច្រើន»​ ពេល​ដែល​គាត់បាន​រើស​​យក​កុមារ​តាម​ចញ្ចើមថ្នល់​ កុមារ​កំព្រា កុមារ​ពិការភាព មក​ចិញ្ចឹម ផ្ដល់អាហារ កន្លែងស្នាក់នៅ ការ អប់រំ និង សេចក្ដីស្រឡាញ់។ ហើយអង្គការនេះបន្តផ្តល់ការថែទាំពេញលេញដល់​កុមារកំព្រា កុមារដែលត្រូវបានជួញដូរកុមារដែលត្រូវបានបោះបង់ចោល កុមារដែលមានពិការភាព និងកុមារ​ក្រីក្រ ហើយអង្គការក៏កំពុងតែបង្កើតគម្រោងដែលមានលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុង ជ្រោយ ដោយផ្តោត​លើ​ការអភិវឌ្ឍកម្ម វិធីអប់រំ ដែលមានគុណភាព និងឱកាសសម្រាប់កុមារងាយរងគ្រោះទាំងនេះ។

មជ្ឈមណ្ឌលសិក្សាអរុណរះ​មានកម្មវិធីសិក្សាជាច្រើនមុខវិជ្ជាដោយឥតគិតថ្លៃឡើយដូចជា ភាសាអង់គ្លេសនៅ​កម្រិត​ផ្សេងៗ​គ្នា (ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់កម្រិតបឋមសិក្សា) ភាសាចិនកុកងឺ ការសិក្សាកុំព្យូទ័រ និងរបាំប្រពៃណីខ្មែរ និងតន្ត្រី បុរាណ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ។ លើសពីនេះក៍មានថ្នាក់ជំនាញក្រៅ​ម៉ោងក្នុង​វិស័យប្រដាល់ សិល្បះរបាំប្រពៃណីខ្មែរ កីឡាវាយកូនបាល់ សិល្បៈ បាល់ឱប ព្យាណូ និងហ្គីតា ត្រូវបានផ្តល់ជូននៅពេលល្ងាច និងចុងសប្តាហ៍។​ ចាប់តាំងពីឆ្នាំ 2022 ដល់ឆមាសទី 1 នៃឆ្នាំ 2025 មជ្ឈមណ្ឌលបានផ្ដល់ថ្នាក់កម្មវិធីសិក្សាបន្ថែមដល់សិស្ស 2,387 នាក់ ដែលមកពីមណ្ឌលថែទាំលំនៅដ្ឋាន និងសហគមន៍ ។ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 សិស្សចំនួន601នាក់ (311 ស្រី) ដែលសិក្សាគ្រប់ថ្នាក់នៅមជ្ឈមណ្ឌលនេះ។ចាប់ពីឆ្នាំ 2022 ដល់ត្រីមាសទី1នៃឆ្នាំ 2025 មជ្ឈមណ្ឌលបានផ្ទុកកុមារដែលងាយរងគ្រោះបំផុតចំនួន 214នាក់ (ស្រី 87 នាក់) រួមទាំងកុមារពិការផងដែរដោយផ្តល់ឱ្យពួកគេនូវអាហារទទួលទាន កន្លែងគេង ការអប់រំ ការថែ ទាំសុខភាព និងសេចក្តីស្រឡាញ់ជាច្រើន ៕  អត្ថបទ.ភារម្យ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia