ព័ត៌មាន
លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រឡប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គីដូចជាសាច់ញាតិ
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។

ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែ ឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។

លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។
ដោយឡែកចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងលើកទឹកចិត្តឱ្យលោកទ្រី ស៊ីថេង អាចបានទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាកគី ដូចឪពុកនិងកូន។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការពីលក្ខខណ្ឌការងារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាថានឹងនាំយកសំណើសំណូមពររបស់លោក ទ្រី ស៊ីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
មុននឹងបញ្ចប់ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់៕





-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា