ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង ណែនាំគ្រប់ខណ្ឌឱ្យបង្ក្រាបគ្រឿងញៀន លុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាព។
ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីដាក់ផែនការក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាព។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌបើបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ។ រឿងគ្រឿងញៀន អាជ្ញាធរខណ្ឌត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀន។ ការងារនេះបើកម្លាំងខណ្ឌមិនគ្រប់គ្រាន់ ត្រូវស្នើសុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានសកម្ម។ អាជ្ញាធរខណ្ឌទាំងអស់ត្រូវរង់ចាំសហការជាមួយកម្លាំងទាំង២ប្រភេទក្នុងការបង្ក្រាបគ្រឿងញៀន។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា បើចង់ធ្វើអភិបាលខណ្ឌត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ចគ្មានគិតថ្ងៃសៅរ៍ និងអាទិត្យនោះទេ។ គ្រឿងញៀននិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារឿងដែលត្រូវបង្ក្រាបជាប្រចាំ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវពិនិត្យតាមខុនដូ និងបុរី ដែលមានការសង្ស័យថា បាននិងកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្ដម អភិបាលរាជធានី បន្តទៀតថា គ្រប់ខណ្ឌត្រូវប្រជុំដាក់ផែនការទៅឱ្យមេភូមិ និងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់សហការជាមួយ។ ចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀតលើការបង្ក្រាប។ ការជក់ស៊ីហ្សានៅតាមសាលារៀន ត្រូវតែលុបបំបាត់ឱ្យអស់ សិស្សានុសិស្សជាទំពាំងស្នងឬស្សី។ ទំពាំង ត្រូវមើលថែឱ្យល្អធំធាត់ ដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។ បើពួកគាត់កំពុងពេញកម្លាំង បែរជាឈឺ តើមានកម្លាំងឯណាដើម្បីជួយជាតិ។ រឿងនេះមន្ទីរអប់រំយុវជន និងកីឡា ត្រូវមើលការងារនេះឱ្យបានល្អ។ បន្ថែមពីនេះចំពោះអាជ្ញាធរខណ្ឌដែលមានទីតាំងជាកន្លែងសប្បាយភាពត្រូវចុះពិនិត្យមើលជាប្រចាំ។ ត្រូវយកស្លាកសញ្ញាដាក់ហាមជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា (VAP) ទៅបិទតាមហាងនានានៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចំពោះបញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើសបានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចក៏ពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀនរាប់គីឡូក្រាម ពួកគេប្រើរូបភាពដោយយកគ្រឿងញៀនទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិនប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញពួកគេវេតាមវីង៕






-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា