ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និង សម្ពោធសមិទ្ធផលនានាក្នុងវវត្ត “តូប”
កំពត ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ស្ថិតក្នុង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណាយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាល ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។
នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់។ ទន្ទឹមនិងនេះលោកជំទាវបណ្ឌិតបានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារារាម ហៅ “វត្តតូប” នាឱកាសនេះ ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។
លោកជំទាវបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ព្រោះទីទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដើរតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។
ខណះនោះលោកជំទាវបណ្ឌិត ក៏សូមបួងសួងដល់វត្ថុសក្កិសិទ្ធ ជួយឃុំគ្រង់ប្រទេសកម្ពុជា ជួបតែសេចក្តីសុខចម្រើន ខណៈដែលប្រទេសជិតខាងកំពុងឃ្លានពានទឹកដីយើង។ លោកជំទាវបានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ ដែលកំពុងការពារទឹកដី នេះជាកម្លាំងចិត្តមួយ ចំពោះកងទ័ពជួរមុខដែលកំពុងការពារទឹកដី។
ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារមួយខ្នងដែលមានបណ្ដោយប្រវែង 39,20 ម៉ែត្រ ទទឹងប្រវែង 24,20 ម៉ែត្រ កម្ពស់ 17, 60 ម៉ែត្រ, រូបគំនូរបុរាណនៅក្នុងព្រះវិហារ, របងវត្ត, ក្លោងទ្វារ, ផ្លូវបេតុង, បន្ទប់ទឹក, បង្គោលសូឡា, និងសមិទ្ធផលនានាមួយចំនួនទៀត ដោយសរុបជាថវិកាចំណាយអស់ជាង 703,594ដុល្លារ (ចិតសិបម៉ឺនបីពាន់ប្រាំរយកៅសិបបួនដុល្លារអាមរិក)។
ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ គឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានា នៅក្នុងបរិវេណវត្ត”តូប”នេះ គឺក្រោមការផ្ដួចផ្ដើមដឹកនាំកសាងនិងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី 1 គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ចន្ទបុរីវង្ស រួមទាំងព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបានចូលរួមកសាងព្រះវិហារ និង សមិទ្ធផលនានានៅក្នុងទីអារម្មណ៍នេះ។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននាំយកនូវសន្តិភាពជូនប្រទេស និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ បច្ចេយកសាងវត្ត និងជូនថវិកាដល់ តាជី យាយជី យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕
អត្ថបទ៖ សំ ងីម













-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS21 hours agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន4 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ