Connect with us

ព័ត៌មាន

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារ​អបអរសាទរ​ខួប​ជា​ប្រវត្តិ​សាស្ត្រ​១៧​ឆ្នាំ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិ ក្នុង​ឱកាស​អបអរ​សាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក ដោយអង្គការយូណេស្កូ (UNESCO) (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។

ក្នុង​ឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ ឆ្នាំនៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា ដោយ​ព្រះ​អង្គ​មាន​ព្រះរា​ជបន្ទូល កោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិក​ភណ្ឌ​ពិភព​លោក​ជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ពីព្រោះការ​ចុះបញ្ជី​នេះ​ជួយ​ថែរ​ក្សា និងអភិរក្សប្រាសាទព្រះវិហារឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោ​យចី​រ​ភាព​នៅ​លើ​ទឹក​ដី​កម្ពុជា​។

ព្រះករុណាព្រះមហាក្សត្របានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជ​តម្រិះ​ព្រះ​ករុណា​ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​ជានិច្ច​កាល​ក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។

ព្រះករុណា ព្រះមហាក្សត្រ បានកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ​ចំពោះ​ប្រជាជាតិ​កម្ពុជា​ទាំង​អស់​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពីសម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្សនេះ។ កន្លងមក​ការ​ចុះ​បញ្ជី​នេះ​បាន​ធ្វើ​ឱ្យ​ព្រះរា​ជា​ណាចក្រកម្ពុជា​​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​ពិភព​លោក​ព្រម​ទទួល​ស្គាល់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រជាកេរ​ដំណែល​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​សម្រាប់​មនុស្ស​ជាតិ​ជំនាន់ក្រោយដើម្បីថែរក្សាបន្ត។

ព្រះករុណា​ព្រះមហាក្សត្របានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង​ចំពោះ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រប្រាសាទព្រះវិហារ ICC/PREAHVIHEAR និងការថែទាំបន្តដែល​ដឹក​នាំ​ដោយ​សហ​ប្រធាន​ជា​តំណាង​នៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិត​ចិន​ព្រម​ទាំង​ដៃ​គូ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំងអស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia