ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកពីការបង្កភាពតានតឹងរបស់ថៃ ក្រោយប្រាសាទព្រះវិហារដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានបង្ហោះជាខ្លឹមសារលើទំព័រហ្វេសប៊ុក ដោយរម្លឹកពីការបង្កភាពតានតឹងរបស់ភាគី ថៃ នៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃនេះ បានបង្ហោះនូវសំណេរដោយរម្លឹកពីអ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ ២០១១ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ និងតំបន់នៅតាមព្រំដែន។ ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈមមុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។ ការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបាននាំឱ្យមានការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងបានបំផ្លាញទាំងស្រុងនូវផ្សារឈ្មោះ “ផ្សារជើងប្រាសាទ” ឬ “ផ្សារមុខប្រាសាទ” ដែលមានទីតាំងនៅជើងភ្នំព្រះវិហារដែលមានចំនួន ២៦២តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១គ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានឈរលើគោលការណ៍ដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិចគ្នានាពេលនោះ បានធូរស្រាលទៅវិញបន្ទាប់ពីកម្ពុជាបានស្នើទៅកាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើងវិញនូវសាលក្រមនៃរឿងក្ដីប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ប្រជាជនកម្ពុជាបានហែលឆ្លងនូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាមក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។ ការប៉ះទង្គិចគ្នាចន្លោះឆ្នាំ២០០៨ ដល់ ២០១១ បានបង្កជាផល់ប៉ះពាល់ជាច្រើនដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ដូចជា ដោយការជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព និងអាក់ខាននូវការប្រកបរបរទទួលទានប្រចាំថ្ងៃ ក៏ដូចជាប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្មារតីរួមគ្នាជាធ្លុងមួយឧបត្ថម្ភគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាដែលជាសមរភូមិក្រោយបានក្លាយកម្លាំងគាំទ្រដល់កងទ័ពដែលឈរជើងនៅជួរមុខ។ ជាពិសេស ការគាំទ្រនេះបានក្លាយជាកម្លាំងរួមដ៏ខ្លាំងក្លាដែលខ្មាំងសត្រូវមិនអាចយកឈ្នះបាន។
មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់ ២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ ជាកម្លាំងជំរុញទឹកចិត្តនិងស្មារតីកងទ័ពដែលឈរជើងនៅខ្សែត្រៀមជួរមុខ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានត្រៀមខ្លួនរួចជាស្រេច និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍នានាដោយបោះជំហានយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់៕ អត្ថបទ៖ គឹម ហុក

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត