ព័ត៌មាន
ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅស្រុកកោះធំ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីក្រុង/ស្រុកចំនួន៣ (ស្មើនឹង ១៨៦ភូមិ, ២៣ឃុំ/សង្កាត់) ក្នុងខេត្តកណ្តាល ពិធីនេះធ្វើឡើងនៅក្នុងកីឡដ្ឋាន ស្រុកកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ពាំនាំនូវព្រះរាជបន្ទូលសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក ក្ដីអាណិតស្រឡាញ់ ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោគោរពដ៏ដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់ប្រជាពលរដ្ឋ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចបរវធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានមានប្រសាសន៍សម្តែងនូវក្តីនឹករលឹក ស្រឡាញ់ និងអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលអំណោយនៅពេលនេះ ព្រមទាំងបានសូមឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវខិតខំដាំដំណាំ បន្លែបង្កាជុំវិញផ្ទះ បង្កបង្កើនផល ចិញ្ចឹមសត្វ និងប្រកបរបរផ្សេងៗ ដើម្បីលើកកម្ពស់ ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តថា កាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ស្ត្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វី ឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកឱ្យនរណាម្នាក់ចោលនោះឡើយ។ លើសពីនោះទៀតក្រៅពីផ្តល់អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រនៅតាមសហគមន៍នានា សម្ដេចក៏បានគិតគូរ ឧបត្ថម្ភគាំទ្រ ជាស្បៀងអាហារសម្ភារៈប្រើប្រាស់ ទៅដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីក្រោមការឈ្លានពានរបស់ប្រទេសជិតខាង នៅតាមតំបន់ព្រំដែន ដែលជាកម្លាំងជួរមុខក្នុងការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ។ សម្ដេចក៏សូមកោតសរសើរនៅទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់កងទ័ពជួរមុខដែលជាកម្លាំងចិត្តមួយ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សូមសម្តែងនូវការ គោរពស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយគាវរភក្តីដ៏ស្មោះស្ម័គ្របំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែល សម្តេចបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មកចែកជូន ដោយផ្ទាល់ដៃដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦២១គ្រួសារ នៅទីតាំងកីឡដ្ឋាន ស្រុកកោះធំ នាឱកាសដ៏វិសេសវិសាលនេះ។
វត្តមានដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែបានញ៉ាំងឱ្យពិធីនេះ កាន់តែមានភាពអធិកអធម និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងក្តីសណ្តោសមេត្តាប៉ុណ្ណោះ ទេ ថែមទាំងបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម និងបានបង្ហាញអំពី ការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេច ចំពោះមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដោយកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រ ទាំងផ្នែកសម្ភារៈ ស្មារតី និងធនធានយ៉ាងច្រើនឥតគណនា លើការងារមនុស្សធម៌នៅទូទាំងប្រទេស។
សូមជម្រាបថា ទាក់ទិននឹងការងារមនុស្សធម៌នេះដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ក៏បានផ្ដាំផ្ញើទៅដល់បងប្អូនអ្នកសារព័ត៌មាននានា ពិសេសអនឡាញនៅតាមបណ្ដាខេត្តផ្សេងៗ បើជួបប្រទះបងប្អូនដែលមានជីវភាពខ្វះខាត ជនងាយរងសូមជួយផ្សព្វផ្សាយ និងផ្ដល់អាសយដ្ឋានពិតប្រាកដរបស់ពួកទាំងនោះមក កាកបាទក្រហមកម្ពុជា ដើម្បីក្រុមការងារចុះទៅពិនិត្យជីវភាពជាក់ស្ដែង និងផ្ដល់ជាជំនួយជួយទៅដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានចូលរួមទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសការពារនូវជំងឺមិនឆ្លងនានា ដែលកំពុងតែប្រឈមខ្ពស់នៅក្នុងប្រទេសកម្ពុជា។ លើសពីនោះទៀតក៏សូមផ្ដាំផ្ញើទៅដល់ក្មួយៗដែលជាយុវជន សិស្សានុសិស្សដែលកំពុងស្ថិតក្នុងវ័យសិក្សាសូមចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដូចជាគ្រឿងញៀន ល្បែងស៊ីសងនានា ដែលទាំងអស់នេះអាចបង្កឲ្យមានជាអំពើហិង្សានៅក្នុងសង្គម ក៏ដូចជាគ្រួសារផងដែរ។
សូមបញ្ជាក់ថាគ្រួសារទាំង៦២១គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ភេសជ្ជៈបាកាស១យួរ ឃីត១កញ្ចប់(សារុង ក្រមាមុង ភួយ) សាប៊ូក្លិន២ដប នំប៉័ងផ្អែមមួយដើមទឹកបរិសុទ្ធ១ដប និងថវិកា៥ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម / រូបភាព : សៅ យ៉ាម៉ង

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន6 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន2 days ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព