ព័ត៌មាន
សម្តេចតេជោស្នើវិនិយោគិនឥណ្ឌាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មនៅកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចសង្ឃឹមថា ទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្រិតទំនាក់ទំនងដែលមានវ័យចំណាស់រវាងប្រទេសទាំងពីរនេះបន្ថែមទៀត ហើយក៏សង្ឃឹមថា ឯកឧត្តមអនុរដ្ឋមន្រ្តី នឹងបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា និងសមិទ្ធផលនានាដែលកើតចេញពីជំនួយឧបត្ថម្ភ របស់ឥណ្ឌា រួមទាំងការជួសជុលអភិរក្សប្រាសាទនៅតំបន់អង្គរផងដែរ។

នាឱកាសជំនួបនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសម្តែងនូវការគោរព កិត្តិយស និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមអនុរដ្ឋមន្រ្តីបានបន្តលើកឡើងថា ឯកឧត្តមមានមោទនភាពដែលបានជួបសម្តេច ដែលជារដ្ឋបុរសមួយរូប នៅក្នុងចំណោមប្រទេស Global South និងជាសរសរស្តម្ភនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដោយឯកឧត្តមអនុរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្តេច គឺជាថ្នាក់ដឹកនាំដែលបានធ្វើការ និងមានទំនាក់ទំនងល្អជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ចំនួន៦រូប។ ឯកឧត្តមអនុរដ្ឋមន្រ្តី បានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានអាយុកាលរាប់សតវត្ស មានកេរដំណែលដូចគ្នា វប្បធម៌ផ្សាភ្ជាប់គ្នា និងឈរជាមួយគ្នា។ នៅក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី មានក្តីសង្ឃឹមខ្ពស់ដែលទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នឹងកើនដល់កម្រិតមួយថ្មីទៀត ជាពិសេស តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ូឌី នៅកម្ពុជា នាពេលខាងមុខ។
ឯកឧត្តមអនុរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យនានាចាប់តាំងពីវិស័យការពារជាតិ ការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស, ការដោះមីន ហើយនិងការអភិរក្សនិងការជួសជុលឡើងវិញនូវប្រាសាទនានា។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងនេះ និងបានថ្លែងអំណរគុណសម្តេច ដែលតែងបានជួយគាំទ្រ និងជំរុញឱ្យឥណ្ឌាបានក្លាយជាដៃគូរបស់អាស៊ាន។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងបានរំលឹកឡើងវិញអំពីការជួយឧបត្ថម្ភគាំទ្ររបស់ឥណ្ឌា ដល់កម្ពុជាក្នុងគ្រាដ៏លំបាកបំផុត ទាំងនយោបាយ និងសេដ្ឋកិច្ច។ ជាក់ស្តែងសម្តេចបានគូសបញ្ជាក់ថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជាមុនគេ នៅឆ្នាំ១៩៨១ ហើយឥណ្ឌាក៏បានផ្តល់ជំនួយឧបត្ថម្ភនានា រួមទាំងស្បៀងអាហារ នៅពេលកម្ពុជាជួបប្រទះការខ្វះខាតនៅដំណាក់កាលនោះ និងការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ រួមទាំងការជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលនានា និងការបញ្ជូនអ្នកបច្ចេកទេសមកជួយជួសជុលប្រាសាទ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ សម្តេចបានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានសក្តានុពលជាច្រើនទៀត។ ជាក់ស្តែង ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង តែពុំទាន់សមស្របទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះឡើយ ដោយឥណ្ឌាមានប្រជាជនច្រើន និងទីផ្សារធំ ចំណែកកម្ពុជាក៏មានកម្លាំងទិញធំដែរ។ នៅក្នុងបរិបទនេះ សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើជាជន្ទល់ដល់ទំនាក់ទំនងយោបាយ។
សម្តេចបានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ សម្តេចបានបន្តលើកឡើងថា លក្ខខណ្ឌនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក៕

-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា