ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានា នៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ផ្ទះស្នាក់នៅគ្រូ ទីចាត់ការ និងសមិទ្ធផលនានា នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គម៉ែជ័យ នាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរដ្ឋាភិបាលលើកកម្ពស់នូវសុខភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតផងដែរ។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា មូលធនមនុស្សបានដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិតក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចំបងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បង្ហាញមោទនភាពដែលខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្តដែលឋិតនៅតំបន់គ្មានការអភិវឌ្ឍ លំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែពេលនេះក្នុងខេត្តមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រសហគ្រាសជាង ១.៤៤២កន្លែង មានកម្មករនិយោជិតសរុប ២៥៣.៩៤៦ នាក់ និងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀនភាគច្រើនគឺមានបំពាក់សម្ភារៈសិក្សាទំនើបរួច និងមានការច្នៃប្រឌិតរួចហើយ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាយើងមានសម្ភារៈឧបទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀនក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ ដូច្នេះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះបានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀននេះឯង។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ម្ដងហើយម្ដងទៀតថា នៅក្នុងសាលាដែលមិនអាចរកគ្រូជំនាញថ្មីមកបង្រៀនបាន គឺយើងអាចយកគ្រូចាស់ (គ្រូដែលចូលនិវត្តន៍) មកបង្រៀនបាន ក្នុងក្របខណ្ឌគ្រូកិច្ចសន្យា ដោយមិនត្រូវរងចាំគ្រូថ្មីហើយសាលាមានកង្វះខាតគ្រូបង្រៀននោះទេ ពីព្រោះសាលារៀនត្រូវធានាការអប់រំដល់សិស្ស។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ណែនាំដល់ថ្នាក់ក្រោមជាតិត្រូវពិនិត្យឱ្យបានច្បាស់លាស់លើការជ្រើសរើសគ្រូបង្រៀន ហើយត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់ ខណៈបច្ចុប្បន្នកម្ពុជាមិនខ្វះធនធានគ្រូបង្រៀននោះទេ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្ដែអាជីពគ្រូបង្រៀនទទួលបានមហាសេដ្ឋីកិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ អង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ដូចពាក្យខ្មែរថា «គ្រូបង្រៀនជាឪពុកម្ដាយទីពីររបស់សិស្ស»។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បង្ហាញការ អាណិតអាសូរ ខណៈមានឪពុកម្ដាយមួយចំនួនបានសំពះកូនកុំឱ្យធ្វើអំពើខុសឆ្គង់នៅក្នុងសង្គម កុំខូចខិល។ សម្ដេចបន្តថា មានតែឪពុកម្ដាយ និងគ្រូបង្រៀនទេ ដែលខ្វល់ខ្វាយចង់ឱ្យកូន និងសិស្សចេះ ចំណែកបើក្នុងសង្គម កន្លែងការងារគេមិនខ្វល់ជាមួយយើងនោះទេ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឥឡូវនេះតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានតម្រូវការពឹងផ្អែកលើធនធានមនុស្សច្រើន។ សម្ដេចបានជំរុញក្រសួងអប់រំ ត្រូវពង្រឹងលើការបណ្ដុះបណ្ដាលសិស្សនៅកម្រិតបឋមនិងអនុវិទ្យាល័យឱ្យបានច្រើន ដើម្បីទទួលបានបរិមាណ និងគុណភាពធនធានមនុស្សគ្រប់គ្រាន់របស់កម្ពុជា។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តឱ្យគ្រូបន្ទុកថ្នាក់ និងឪពុកម្ដាយបង្កើតក្រុម (Group) តេឡេក្រាមជាមួយគ្នា ដើម្បីតាមដានការសិក្សា និងវត្តមានរបស់កូនរបស់ខ្លួន ជាពិសេសលទ្ធផលការសិក្សារបស់ពួកគេ។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឥរិយាបថ សមត្ថភាព ចំណេះដឹង គឺជាអ្វីដែលសិស្សត្រូវទទួលបានពីគុណភាពអប់រំនៅតាមសាលារៀន ហើយសិស្សអាចយកលទ្ធផលទាំងនេះទៅអនុវត្តនៅក្នុងសង្គម។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«ដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គម» រៀនថ្ងៃនេះសិស្សនឹងបង្ហាញលទ្ធផលដល់សង្គមនៅពេលមួយទសវត្សរ៍ក្រោយ។
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត