ព័ត៌មាន
សហជីពកម្ពុជាអំពាវនាវកុំយករឿងដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកធ្វើជាអាវុធនយោបាយ និងការបំភ័យកម្មករ
ភ្នំពេញ៖ សហជីពកម្ពុជាដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានអំពាវនាវដល់អ្នកនយោបាយ អង្គការសង្គមស៊ីវិល ក៏ដូចសហជីពមួយចំនួន កុំយកការដាក់ពន្ធថ្មីរបស់សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជា មកធ្វើជាឧបករណ៍នយោបាយដើម្បីបង្អាប់បង្អោនរាជរដ្ឋាភិបាល ក៏ដូចជាផ្សព្វផ្សាយបំភ្លៃ បំប៉ោងដើម្បីបំភ័យកម្មករដែលហួសពីការពិត។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធលើទំនិញនាំចេញពីកម្ពុជាចំនួន៣៦% នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ និងបុគ្គលមួយចំនួនក្នុងសង្គមតែងតែចូលចិត្តបង្អាប់បង្អោន និងបន្តុះបង្អាប់ជាតិខ្លួនកុំឱ្យយកបញ្ហាពន្ធរបស់អាមេរិកនេះធ្វើជាឆ្នាំងបាយនយោបាយ ដោយបំភ្លៃ បំផ្លើស និងបំប៉ោងបញ្ហាដែលគ្មានការពិត។
លោកថា៖ «សូមកុំយកបញ្ហាការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកនេះ ធ្វើជាឈ្នាន់នយោបាយទៅនិយាយឃោសនាអកុសលបំភិតបំភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។ យើងត្រូវតែរួមគ្នាដើម្បីរក្សានូវឧត្តមភាព និងប្រយោជន៍ជាតិរបស់កម្ពុជាឲ្យបានគង់វង្សស្ថិតថេរ»។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យរក្សាភាពស្ងៀមសាត់បន្តភាពជឿជាក់ លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាពន្ធ និងជំរុញការនាំចេញ និងបង្កើនផលិតភាពការងារជូនបងប្អូនកម្មករនិយោជិត និងបានណែនាំឱ្យកម្មករនិយោជិតត្រូវប្រឹងប្រែងធ្វើការដើម្បីបង្កើនផលិតភាពការងារ។
ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានលើកឡើងដែរថា ការដាក់ពន្ធពីអាមេរិកនេះ គឺជារឿងសកលដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ។ ដូចនេះ ការបំភ្លៃ បំផ្លើសពីក្រុមអគតិណាមួយដែលចង់ប្រើប្រាស់ចំណុចពន្ធ៣៦%មកបំភ័យ គឺជារឿងគ្មានសីលធម៌។
បន្ថែមពីនេះ ប្រធានសហជីពទាំងពីររូបដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការដំឡើងពន្ធរបស់អាមេរិកនេះ គឺមិនមានអ្វីគួរឱ្យបារម្ភនោះឡើយព្រោះរោងចក្រដែលមានស្លាកយីហោល្បីៗនៅកម្ពុជា សុទ្ធសឹងជារោងចក្រលំដាប់ពិភពលោក ដែលមានការលក់ចែកចាយទូទាំងពិភពលោក ហើយ ទីផ្សារនាំចេញរបស់កម្ពុជា មិនមែននាំចេញតែសហរដ្ឋអាម៉េរិកនោះទេ។
សម្រាប់សហជីពទាំងពីរ ការប្តូររោងចក្រទៅកាន់ប្រទេសដទៃទៀតដោយសារតែបញ្ហាពន្ធប៉ុណ្ណេះ គឺមិនអាចទៅរួចនោះទេព្រោះត្រូវការចំណាយច្រើន នីតិវិធីស្មុគស្មាញ និងខាតបង់ច្រើនទៅវិញ។
ជាមួយគ្នានេះ តំណាងកម្មករទាំងពីររូប ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានយុទ្ធសាស្រ្តទាក់ទាញអ្នកវិនិយោគទុនបន្តនៅកម្ពុជាក្នុងការរក្សាការងាជូនបងប្អូនកម្មករ ក៏ដូចជាការបង្កើនឱកាសការងារបន្ថែមទៀតផង៕


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ