ព័ត៌មាន
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ទំនប់អូរតេធិបតី ដែលជាសមិទ្ធផលដ៏សំខាន់មួយនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងឈានទៅរកដំណាក់កាលចុងក្រោយនៃការត្រៀមខ្លួនផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។ ដោយប្រជាពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀត ក្នុងក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា និងមានបណ្ដាញទឹកស្អាតប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ ។
លោក សូរ សុវណ្ណារិទ្ធ អគ្គនាយកនៃរដ្ឋាករទឹកខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ BTV តាមទូរស័ព្ទថា បច្ចុប្បន្នក្រុមការងារកំពុងដាក់ដេញថ្លៃការសាងសង់ស្ថានីយចែកចាយទឹកស្អាតមួយ ដើម្បីអាចយកទឹកពីទំនប់អូរតេធិបតីទៅចែកចាយបន្ថែមដល់ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ និងឃុំពូជ្រៃ ស្រុកពេជ្រាដា។ លោកបានគូសបញ្ជាក់ថា យ៉ាងយូរនៅដើមឆ្នាំ២០២៧ ស្ថានីយចែកចាយនឹងអាចដំណើរការផ្គត់ផ្គង់ទឹកស្អាតចេញពីទំនប់អូរតេធិបតី។

ទំនប់នេះមានសមត្ថភាពអាចផ្ដល់តម្រូវការទឹកស្អាតប្រមាណ ៩,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈតម្រូវការជាក់ស្ដែងត្រឹម ៧,០០០ម៉ែត្រគូបប៉ុណ្ណោះ។ នេះមានន័យថា ទំនប់អូរតេធិបតីមានសក្ដានុពលខ្ពស់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ៧,០០០គ្រួសារបន្ថែមទៀត ក្រៅពីទឹកស្អាតក្នុងក្រុងសែនមនោរម្យដែលអាចផ្គត់ផ្គង់ប្រហែលជាង ៣,០០០គ្រួសាររួចទៅហើយ។
លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានលើកឡើងថា ក្រៅពីសមិទ្ធផលទំនប់អូរតេធិបតី ដែលជាប្រភពចែកចាយទឹកស្អាតដ៏ធំសម្បើមនេះ អនាគតដ៏ខ្លីខាងមុខ គម្រោងថាមពលកង្ហារខ្យល់ដ៏ធំមួយសម្រាប់ផលិតអគ្គិសនី ក៏នឹងបើកការដ្ឋានសាងសង់ក្នុងស្រុកអូររាំង ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ថាមពល និងបង្កើតការងារក្នុងតំបន់។

គួររម្លឹកថា ទំនប់អូរតេធិបតី ដែលជាគម្រោងធនធានទឹកពហុវិស័យតម្លៃ ៦២លានដុល្លារអាម៉េរិក បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០២៤ ក្រោយចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ។ ទំនប់នេះមានសមត្ថភាពស្តុកទឹក ១២លានម៉ែត្រគូប និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមាន៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ ដែលដើរតួជាស្ពានឆ្លងកាត់, សំណង់បង្ហូរទឹក, អគារការិយាល័យ, និងផ្លូវបេតុងជុំវិញអាង។

ក្រៅពីទឹកស្អាត អាជ្ញាធរខេត្តក៏រំពឹងថា ទំនប់នេះនឹងរួមចំណែកជំរុញវិស័យទេសចរណ៍ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។ ទំនប់អូរតេធិបតី គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក ដើម្បីធានាការផ្គតផ្គង់ទឹក និងជំរុញនិរន្តរភាពសម្រាប់ការអភិវឌ្ឍខេត្តមណ្ឌលគិរីទាំងមូល៕ អ៊ិត ភីរុណ



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត