ព័ត៌មាន
កម្ពុជានឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ាន នៅថ្ងៃទី២២កក្កដាខាងមុខ
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ាននាថ្ងៃទី២២កក្កដាខាងមុខ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបៀបវរៈចំនួនពីរ រួមមាន ទី១ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥ និងទី២ កិច្ចប្រជុំពិនិត្យបូកសរុបការងារឆមាសទី១ និងស្តាប់របាយការណ៍សកម្មភាពការងារ។
កិច្ចប្រជុំព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២ គ.ជ.គ.ម, ឯកឧត្តម អនុប្រធាន គ.ជ.គ.ម, ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តម អគ្គលេខាធិការរង, លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (AHA-Center) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ានសម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ាន ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដង ដើម្បីធ្វើតេស្តសាកល្បង និងវាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការត្រៀមរៀបចំការរុករក និងសង្គ្រោះ, ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេស ដែលផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករក និងសង្គ្រោះ, ការផ្តល់នូវសេវាសុខាភិបាល, ការផ្តល់ជម្រកស្នាក់នៅបណ្ដោះអាសន្ន, ការផ្ដល់ស្បៀងអាហារ និងអនាម័យទឹកស្អាតជាដើម។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា លំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ាន សម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានផងដែរ។



សូមជម្រាបថា លំហាត់សមយុទ្ធនេះមានការចូលរួមពី ប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្ត, ដៃគូសន្ទនាអាស៊ាន, អគ្គលេខាធិការអាស៊ាន, នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហារ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នជំនាញ, កងប្រតិបត្តិការរុករក និងសង្គ្រោះរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារសហប្រជាជាតិ, អង្គការអន្តរជាតិ និងវិស័យឯកជនសរុបប្រមាណ ៤០០នាក់៕
-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា