ព័ត៌មាន
អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងជម្រាបលា ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំកម្រងប្រទេស ដែលចប់អាណត្តិ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ និងជម្រាបលា លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំកម្រងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលបានចប់អាណត្តិ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ស្ថិតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះលោកស្រី កាទ្រីន ក្លាកសុន ដែលក្នុងអាណត្តិបំពេញការងាររបស់លោកស្រី តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយកាកបាទក្រហមកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ និងក្នុងស្ថានភាពលំបាកៗជាច្រើនទៀត ជាពិសេសថ្មីៗនេះ លោកស្រី បានចូលរួមផ្តល់អនុសាសន៍និងធាតុចូលសំខាន់ៗ ដល់កាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា សម្រាប់ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៥ឆ្នាំបន្ទាប់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកជំទាវ អគ្គលេខាធិការ ក៏បានជូនពរដល់លោកស្រី កាទ្រីន ក្លាកសុន សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចបន្តទៀត ជាពិសេសក្នុងពេលទៅបំពេញការងារជាប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំនៅទីក្រុងហ្សាកាតា ទទួលបន្ទុកកម្រងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេ នៅក្នុងអាណត្តិបន្ទាប់។
ជាកិច្ចឆ្លើយតប លោកស្រី កាទ្រីន ក្លាកសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួននិងល្អប្រសើរទៅតាមទិសយុទ្ធសាស្ត្ររបស់ខ្លួន។ ជាក់ស្តែង តាមរយៈការចុះផ្ទាល់ជាមួយក្រុមការងារកាកបាទក្រហមកម្ពុជា នៅតាមសហគមន៍កន្លងទៅថ្មីៗនេះ លោកស្រី បានកត់សម្គាល់ឃើញថា កាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ការលុបបំបាត់មិនឱ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជាពិសេសសកម្មភាពការងារជាច្រើនទៀតនៅតាមសហគមន៍ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ តាមរយៈបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តនៅគ្រប់ទីកន្លែង៕






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ