Connect with us

ព័ត៌មាន

ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងកម្ពុជា-បារាំងពឹងផ្អែកលើទំនុកចិត្តគ្នា និងស្មោះស្ម័គ្រ​គ្នា​ទៅ​វិញ​ទៅ​មក

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងគឺពឹងផ្អែកលើទំនុកចិត្តគ្នា និង​ស្មោះ​ស្ម័គ្រ​គ្នា​ទៅ​វិញទៅមក លើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច យោធា អប់រំ និងវប្បធម៌​ជាដើម​។

ក្នុងឱកាសអញ្ជើញចូលរួមអបអរបុណ្យជាតិនៃសាធារណៈរដ្ឋបារាំង នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២៥នេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា «ខ្ញុំសូមបន្ថែមបន្តិចថា ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ(កម្ពុជា-បារាំង) ពឹងផ្អែកលើទំនុកចិត្តទៅវិញទៅមក ការ​គោរព​គ្នា​ដ៏​ស្មោះ​ស្ម័គ្រ​ និងចក្ខុវិស័យរួមស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងពេលបច្ចុប្បន្ន»។

ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលេចផងដែរថា ក្នុងអំឡុងអាណត្តិរបស់ឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេបាទំនាក់ទំនងទាំងនេះបានស្គាល់នូវសម្ទុះថ្មីមួយ តួយ៉ាង​ដូច​ជា​ព្រះរាជ​ដំណើរ​ទស្សន​កិច្ច​របស់ព្រះមហាក្សត្រកម្ពុជានៅទីក្រុងប៉ារីស៍ ទស្សនកិច្ចរបស់សម្តេចតេជោ និង​សម្តេច​ធិបតី ក៏ដូចជាកិច្ច​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​របស់​សម្តេច​ទាំង​ទ្វេ​ជា​មួយ​ប្រធា​នា​ធិបតី​សាធារណ​រដ្ឋ​បារាំង ប្រកបដោយភាពកក់ក្តៅ និងផ្លែផ្កា ទាំងនៅទីក្រុងប៉ារីស៍ និងនៅទីក្រុងនីស ក្នុង​អំឡុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រផងដែរ។

ប្រមុខការទូតកម្ពុជារូបនេះបានបញ្ជាក់ទៀតថា ទំនាក់ទំនងទាំងនេះហើយ(កម្ពុជា-បារាំង) ចាក់​ឫស​ទៅ​ក្នុងប្រវត្តិសាស្រ្ត និងត្រូវបានពង្រឹងដោយមិត្តភាពមួយប្រកបដោយចីរភាព។ ទំនាក់​ទំនង​ទាំង​នេះ​ឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកិច្ចសហប្រតិបត្តិការមួយដែលផ្តោតលើវិស័យជាច្រើន រួម​មាន​នយោបាយ សេដ្ឋកិច្ច យោធា អប់រំ វប្បធម៌ ក៏ដូចជាការប្តេជ្ញា​ចិត្ត​របស់​ប្រទេសយើ​ងទាំ​ង​ពីរ​ក្នុង​ស្ថាប័ន​ពហុភាគី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងគោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​សណ្តាប់​ធ្នាប់​ពិភពលោកប្រកបដោយសន្តិភាព សមធម៌ និងចីរភាព។

ថ្លែងនៅក្នុង​កម្មវិធីខាងលើនេះដែរ ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការជា ប្រវត្តិសាស្រ្ត និងចំណងទាក់ទងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ រវាង​ប្រទេសបារាំង និងកម្ពុជា។ លើទិដ្ឋភាពវប្បធម៌ លោក ហ្សាក់ ប៉ឺឡេ បានរម្លឹក​អំពី​ជោគ​ជ័យ​នៃ​ការ​តាំង​ពិព័រណ៍បដិមាសំរិទ្ធកម្ពុជានៅសារមន្ទីរបារាំងហ្គីម៉េ នាទីក្រុងប៉ារីស៍ ដោយ​មាន​បដិមា​ព្រះវិស្ណុ​ផ្ទំ ជាស្នាដៃឯកលេចធ្លោជាងគេក្នុងពិព័រណ៍នោះ។ ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ លោក​បាន​​គូសបញ្ជាក់ពីការរួមចំណែករបស់ក្រុមហ៊ុនបារាំង VINCI ក្នុងការ​គ្រប់​គ្រង​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោតាខ្មៅ។ លោកក៏បានលើ​ក​ឡើង​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​ផង​ដែរ តាមរយៈការបណ្តុះបណ្តាលនាយទាហាន និងកងទ័ពមួកខៀវកម្ពុជា នៅមជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កងកម្លាំងរក្សាសន្តិភាព (NPMEC)។

ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបារាំងបានលើកឡើងពីប្រធានបទសាកលធំៗ ដែល​ប្រទេស​បារាំង និងកម្ពុជាបានឆ្លើយតបរួមគ្នា ជាពិសេសលើ​ការ​ប្រ​យុទ្ធ​ប្រឆាំ​ង​បម្រែ​បម្រួល​អាកា​ស​ធាតុ​​។ ក្នុងន័យនេះ លោកបានកោតសរសើរចំពោះការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅ​ទីក្រុងនីស ប្រទេសបារាំង ដែលជាកាយវិការនៃការប្តេជ្ញាចិត្តរួមគ្នាមួយប្រកបដោយអត្ថន័យ។

លោក​ទូត​បាន​សង្កត់​ធ្ងន់​លើ​ការ​ប្រកាន់​ខ្ជាប់​របស់​ប្រទេសទាំ​ង​ពីរ​ចំពោះ​គោលការណ៍​ពហុ​ភាគី​និយម និងច្បាប់អន្តរជាតិ ដែលលោក​ចាត់​ទុក​ថា​ជាមូលដ្ឋា​ន​គ្រឹះ​នៃ​សណ្តាប់​ធ្នាប់​ពិភព​លោក​ប្រកប​ដោយ​យុត្តិធម៌ និងសាមគ្គីភាព ប្រសើរជាងមុន។ ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព គឺ​ជា​គំនិត​ស្រប​គ្នា​មួយទៀតរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំង​ឱ្យឃើញ​តាម​រយៈ​សមាជិក​ភាព​នៃប្រទេសទាំងពីរក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ និងការដាក់បញ្ចូល​សារ​មន្ទីរ​ស​២១ ​ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia