ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា អភិក្រមរបស់ក្រសួងមុខងារសាធារណៈគឺ ការពិគ្រោះយោបល់ឱ្យបានច្រើន
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ. បានដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៦ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន៣ និងបទបង្ហាញពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ជូនដល់តំណាងក្រសួង ស្ថាប័នទាំងអស់ រួមទាំងតំណាងរដ្ឋបាលរាជធានី ខេត្ត ក្នុងការឈ្វេងយល់ពីការធ្វើជំរឿនមន្ត្រី នាពេលខាងមុខ។

ជាការកត់សម្គាល់ កិច្ចប្រជុំទទួលបានការផ្តល់នូវមតិយោបល់ចូលរួមជាច្រើន ក៏ដូចជាការពិភាក្សាគ្នាយ៉ាងផុលផុសដោយតំណាងក្រសួង ស្ថាប័ន និងតំណាងរដ្ឋបាលរាជធានី ខេត្ត លើការរៀបចំសេចក្តីព្រាងនៃអនុក្រឹត្យ តាមរបៀបវារៈដែលបានកំណត់។

បន្ទាប់ពីបានស្តាប់នូវមតិយោបល់របស់អង្គប្រជុំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ជូនអង្គប្រជុំថា “អភិក្រមរបស់ក្រសួងមុខងារសាធារណៈ ដែលតែងតែបាន និងកំពុងអនុវត្តជាប្រចាំនោះគឺ ការបំពេញមុខងារពិគ្រោះយោបល់ឱ្យបានច្រើន ហើយស្តាប់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដែរថា តាមរយៈការពិភាក្សាការងារជាមួយគ្នាកន្លងមក ទោះបីជាពេលខ្លះមានមតិយោបល់ ស្របគ្នាផង និងមិនស្របគ្នាផងក៏ដោយ យើងក៏អាចរកឃើញចំណុចរួម។ “យើងធ្លាប់តែគិតថាលំបាក តែយើងបានទៅមុខជាមួយគ្នា ស្វែងរកចំណុចរួម ហើយសម្រេចបានការឯកភាពជាទស្សនៈ ប្រកបដោយឆន្ទៈ ដើម្បីឆ្ពោះទៅមុខជាមួយគ្នា ធ្វើឱ្យមានប្រព័ន្ធឯកភាពរដ្ឋបាលតែមួយ។ ទាំងនេះ ជាការអនុវត្តការងាររបស់យើង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ក្នុងការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។

កិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៦ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖ (១)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ (២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ (៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕




-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន2 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់