ព័ត៌មាន
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
ភ្នំពេញ៖ តំណាងអ្នករកស៊ីនៅកម្ពុជា បានលើកឡើងថា បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទៅលើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ដើម្បីងាកមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ក៏ដូចជាទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកទេសចរណ៍នៅកម្ពុជាជាដើម ខណៈសកម្មភាពនេះជាផ្នែកមួយដ៏ធំក្នុងការបង្កើតក្តីព្រួយបារម្ភរបស់អ្នកវិនិយោគទាំងឡាយ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១៧ ខែកក្កដាកន្លងទៅថា សភាពាណិជ្ជកម្ម តំណាងឱ្យវិស័យឯកជនគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចេញវិធានការបង្រ្កាបបទល្មើសល្បែងតាមប្រព័ន្ធអនឡាញ។
អ្នកឧកញ៉ា បានបន្តថា លោកក៏ចង់ឃើញថែមទៀតទៅលើចំណាត់ការទៅលើល្បែងខុសច្បាប់ទាំងអស់នៅកម្ពុជា ពីព្រោះកន្លងមក អ្នករកស៊ីមកពីក្រៅប្រទេសតែងតែលើកឡើងអំពីក្តីបារម្ភរបស់បុគ្គលិក និងកម្មករនិយោជិត ដែលជួបបញ្ហាជំពាក់បំណុលគេ។ ដូចនេះ វិធានការរបស់សម្តេចនាយករដ្ឋមន្រ្តី គឺចំពេលវេលា និងអ្វីដែលវិស័យឯកជនតែងតែចង់បាន។ ដូច្នេះការបង្រ្កាបល្បែងខុសច្បាប់ ជាការលើកទឹកចិត្តឱ្យអ្នកវិនិយោគកាន់តែចាប់អារម្មណ៍មកប្រទេសកម្ពុជាក្នុងការវិនិយោគកាន់តែច្រើន នេះជាចំណុចសំខាន់ណាស់ ហើយសភាពាណិជ្ជកម្មគាំទ្រពេញទំហឹងតែម្តង។
ស្រដៀងគ្នាខាងលើនេះ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែក នៅកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជានេះ និងនិយាយទៀតថា ដូចដឹងហើយថា កន្លងមកបទល្មើសល្បែងអនឡាញ បង្ករឱ្យមានបទល្មើសជាក់ស្តែងជាច្រើនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងខ្លាំង។ មួយវិញទៀត បទល្មើសនេះប្រឆាំងទៅនឹងគោលនយោបាយ និងវិធានការភូមិ ឃុំ សុវត្ថិភាព ថែមទាំងបង្ករភាពរញ៉េរញ៉ៃក្នុងសង្គមដូចដែលបានឃើញកន្លងមកផងដែរ។
ដោយឡែក ទាក់ទងទៅនឹងឱកាសវិនិយោគរបស់កម្ពុជា ឧកញ៉ា លឹម តុង បានលើកឡើងថា ប្រាកដហើយថា មានផលប៉ះពាល់ជាខ្លាំងទៅដល់ការទាក់ទាញអ្នកវិនិយោគ ពីព្រោះថា វិនិយោគិនតែងតែបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់បុគ្គលិក និងកម្មកររោងចក្រ អញ្ចឹងរៀងរាល់ពេលដែលគាត់មកប្រទេស មកទស្សនកិច្ច មកសួរសុខទុក្ខ និងមកមើលរោងចក្រ គឺតែងតែសួរអំពីសភាពការណ៍ ស្ថានភាព សន្តិសុខ ហើយក្នុងបញ្ហាទាំងនេះ ភាគីនិយោជកក៏បារម្ភផងដែរអំពីបទល្មើសមួយនេះ។
ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្រ្តនិងដែនដីសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងនោះ សម្តេចធិបតី ក៏បានព្រមានបញ្ចប់មុខតំណែងផងដែរ ប្រសិនបើ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដែលមិនអនុវត្តតាមបទបញ្ជានេះ ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយនោះ៕
អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត