ព័ត៌មាន
ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅខេត្តស្ទឹងត្រែង
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ពិធីបើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ មានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត Zhang Zaixing តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Mohammad Naeem DURRANI តំណាងអង្គការ UNOPS ប្រចាំកម្ពុជា និងលោក លោកស្រី ជាអភិបាលនៃគណៈអភិបាលក្រុង ស្រុក ឃុំ មេភូមិ មន្រ្តីសុខាភិបាលនៃរដ្ឋបាល ខេត្ត-ស្រុក និងអង្គការដៃគូ ជាតិ-អន្តរជាតិ។
លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍ថា យើងពិតជាបានដឹងមកហើយ ជំងឺគ្រុន-ចាញ់ប្រទេសកម្ពុជា ត្រូវបានកំណត់គោលដៅលុបបំបាត់នៅឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមផ្ទាល់ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន និងកំពុងបន្តវេនដឹកនាំអនុវត្តផែនការយុទ្ធសាស្រ្តជាតិនេះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយថាមពលខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ និងគតិបណ្ឌិតប៉ិនប្រសព្វ។ ផែនការយុទ្ធសាស្រ្តជាតិរបស់ប្រទេសកម្ពុជាយើង គឺជាត្រីវិស័យដ៏ត្រឹមត្រូវដែលប្រទេសយើង សម្រេចបាននូវសមិទ្ធផលគោលដៅយុទ្ធសាស្រ្តទាំងបីជាបន្តបន្ទាប់៖ ១).បញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំអាតេមីស៊ីនីន សម្លាប់មេរោគគ្រុនចាញ់ តាំងពីឆ្នាំ២០១៥មកដល់បច្ចុប្បន្ន ២).បញ្ឈប់លែងឱ្យមាន មនុស្សស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨មកដល់បច្ចុប្បន្ន (គឺសម្រេចបានមុនផែនការបីឆ្នាំ) និង ៣). បានលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ដែលជាទម្រង់អាចស្លាប់បាន) ចាប់ពីឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន។ បច្ចុប្បន្ននេះ ស្ថានភាពជំងឺគ្រុនចាញ់គ្រប់ប្រភេទកំពុងស្ថិតនៅក្នុងកម្រិតទាបបំផុត ឈានទៅគ្មានករណីជំងឺដែលជាគោលដៅត្រូវតែសម្រេចឱ្យបានជោគជ័យ គ្មានគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥នេះ។ ជិត៧ខែ ឆ្នាំ២០២៥នេះ ជំងឺគ្រុនចាញ់មាន ២៨ករណី ដែលភាគច្រើនជាប្រភេទគ្រុនចាញ់លាប់ ឬវីវ៉ាក់ នៅក្នុងស្រុកសៀមប៉ាងនេះ រួមទាំងគ្រុនចាញ់នាំចូលពីក្រៅប្រទេស។
លោកបណ្ឌិត ហ៊ុយ រ៉េកុល បន្តថា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកន្លងមកនេះ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអបអរសាទរជាមួយនឹងការប្តេជ្ញាចិត្តរបស់បងប្អូនយើងទាំងអស់គ្នានៅក្នុងពិធី ដោយសន្យាថា ជំងឺគ្រុនចាញ់ត្រូវតែលែងមានកើតថ្មីនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង រួមទាំងខេត្តស្ទឹងត្រែងផងដែរ ចាប់ពីដំណាច់ខែ៩ ឬខែកញ្ញា ឆ្នាំ២០២៥នេះតទៅ។ ដូច្នេះយើងជួបជុំគ្នានាពេលនេះ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីឯកឧត្តម អភិបាលខេត្ត គឺជាសមិទ្ធផលដ៏ថ្លៃថ្លាបំផុតបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ថា ត្រូវតែគ្មានជំងឺគ្រុនចាញ់ ពិសេសចេញដំណើរពីស្រុកសៀមប៉ាងនេះ ទៅជាគំរូគេនៅគ្រប់តំបន់។ លោកបណ្ឌិត ក៏សូមរំលេចជូនជ្រាបអំពីការងារបច្ចេកទេសបន្តិចថា វិធីសាស្រ្តលេបថ្នាំសមូហភាព គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ដើម្បីការពារខ្លួនពីជំងឺគ្រុនចាញ់ កាត់បន្ថយនិងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។ ហេតុនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារនេះ នាពេលចាប់ផ្តើមដំណើរការអនុវត្ត សូមអំពាវនាវ និងលើកទឹកចិត្តត្រូវចូលរួមធ្វើឱ្យបាននូវចំនុចគន្លឹះមួយចំនួន ដូចខាងក្រោម៖
១. អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធនៃផ្នែកសុខាភិបាលឱ្យបានជាប់ជាប្រចាំ រួមគ្នាផ្សព្វផ្សាយជូនព័ត៌មានដល់ប្រជាជនគ្រប់រូបអំពីអត្ថប្រយោជន៍នៃការលេបថ្នាំសមូហភាពនេះ ព្រមទាំងសុវត្ថិភាពថ្នាំ និងទំនាក់ទំនងស្រាយរាល់ចម្ងល់ដែលអាចកើតមានជាយថាហេតុ។
២. អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងមណ្ឌលសុខភាព ត្រូវសហការយកចិត្តទុកដាក់ខ្ពស់ធ្វើការត្រួតពិនិត្យ និងតាមដានលើសុខភាពប្រជាជននៅក្នុងពេល និងក្រោយពេលលេបថ្នាំជាសមូហភាព។
៣. អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយភាគីពាក់ព័ន្ធនៃផ្នែកសុខាភិបាល ត្រូវកត់ត្រា និងតាមដានច្បាស់លាស់ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៏ ទាំងចំនួនអ្នកបានចូលរួម អ្នកមិនបានចូលរួមព្រមជាមួយមូលហេតុ ដើម្បីកំណត់បាននូវរាល់បញ្ហាប្រឈម និងដំណោះស្រាយបានទាន់ពេល។
៤. សមត្ថកិច្ចការងារពាក់ព័ន្ធទទួលបន្ទុក ត្រូវរាយការណ៍ជាប្រចាំតាមរយៈបណ្តាញក្រុមការងាររហូតដល់អភិបាល នៃគណៈអភិបាលខេត្ត ជារៀងរាល់ខែ ឬចាំបាច់។
៥. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តយុទ្ធនាការលេបថ្នាំជាសមូហភាព ដែលនឹងរៀបចំឡើងជាប្រចាំក្នុងភូមិរបស់យើងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងក្នុងមូលដ្ឋានរបស់យើង ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល “គ្មានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥”៕ អត្ថបទ រដ្ឋា






-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប