ព័ត៌មាន
ក្រសួងបរិស្ថាន និងGGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Malle Fofana នាយកប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

លោកបណ្ឌិត Malle បានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា។ ដោយលោកបានបញ្ជាក់ថា GGGI ត្រៀមខ្លួនជានិច្ចក្នុងការបកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានសម្រាប់ការគាំទ្រ និងការសម្របសម្រួលកន្លងមក។ លើសពីនេះ លោកបណ្ឌិត Malle បានបញ្ជាក់ទៀតថា GGGI នឹងបន្តជួយកម្ពុជាពង្រឹងសមត្ថភាពដើម្បីក្លាយជាអង្គភាពទទួលស្គាល់ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជាគន្លឹះឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ GGGI ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ យុទ្ធសាស្រ្តនៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែកទៅដល់ការកាត់បន្ថយការកើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យព្រៃឈើ (REDD+) និង ការដាំដុះព្រៃឈើឡើងវិញ គឺជាការលើកទឹកចិត្តឱ្យវិនិយោគិនរួមចំណែកដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្របតាមការអនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចរួមចំណែកដល់ការកាត់បន្ថយបន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការដាំដុះព្រៃឈើឡើងវិញ ជាពិសេសនៅតំបន់ បឹងទន្លេសាប ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយក្រសួងបានផលិតកូនឈើរាប់លានដើមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះព្រៃឈើឡើងវិញ។

សូមរម្លឹកជូនថា យោងតាមបទពិសោធន៍ជោគជ័យរបស់ក្រសួងបរិស្ថាន ដោយបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជាពលរដ្ឋរាប់លាននាក់។ បន្តមក យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការបន្តបន្ទាប់នឹងចែកធុងសំរាម ដើម្បីប្រមូលទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដែលផ្តល់ប្រយោជន៍ដល់ភាពស្អាត ហើយនឹងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រៅពីនេះ ក្រសួងក៏បានបន្តពង្រឹងការគ្រប់គ្រងសំណល់រាវ ដោយបានបញ្ឈប់ការបញ្ចេញសំណល់រាវដែលជាប្រភពបំពុលទៅក្នុងប្រភពទឹកសាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទបញ្ញាត្តិច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ៕


-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង