ព័ត៌មាន
ឆមាសទី១ឆ្នាំនេះ មន្រ្តីឧទ្យានុរក្សបង្រ្កាបបទល្មើសធនធានធម្មជាតិបាន ៩៨៦ ករណី
នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិត្រូវបានបង្រ្កាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀបនឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង រួមមាន រណាយន្ត៤៥០គ្រឿង គោយន្តចំនួន៥៩គ្រឿង រថយន្ត១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការចំនួន ៣គ្រឿង និងមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ នៅក្នុងរយៈដូចគ្នាដែរ មន្រ្តីឧទ្យានុរក្ស បានដកហូត អន្ទាក់ឆក់ ចំនួន ៤៣២ម និងអន្ទាក់ខ្សែបានចំនួន១១ ៣៣៦ខ្សែ អាវុធចំនួន ៨ដើម គ្រាប់ចំនួន ១០៨គ្រាប់ កាំភ្លើងកែច្នៃ ចំនួន ១២៩ដើម រួមជាមួយវត្ថុចាប់យកមួយចំនួនទៀត។ ដោយឡែក ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះដែរ សមត្ថកិច្ចក្រសួងបរិស្ថាន បានចាត់ការបញ្ជូនសំណុំរឿងបទល្មើស ទៅតុលាការ បានចំនួន៩១ ករណី និងជនសង្ស័យចំនួន៧២នាក់។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ជារួមចំនួនបទល្មើសនិងករណីការបង្ក្រាបបទល្មើសនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានការថយចុះច្រើន ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះករណីបទល្មើស គឺពិតជាកើតឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ចូលរួមអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស រួមជាមួយអ្នកពាក់ព័ន្ធ បានពង្រឹងសមត្ថភាព និងបានប្រើប្រាស់បច្ចេកវិទ្យាថ្មី រួមមានការប្រើប្រាស់ដូន ការប្រើប្រាស់ផែនទីតំបន់ការពារ និងផែនទីផ្កាយរណប ដែលក្រសួងផ្តល់ជូន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ក្នុងការទប់ស្កាត់បទល្មើស នៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី២ គឺ«ភាពបៃតង» ផ្តោតលើយុទ្ធសាស្រ្តអាទិភាពចំនួន៣គឺ ទី(១)ពង្រីកចលនាដាំដើមឈើ ទី(២)ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី(៣)លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖
១) ការអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ
២) ពង្រឹងកិច្ចសហការ ជាមួយគណៈបញ្ជាការ កងឯកភាពនៃរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ដើម្បីធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ លើសពីនេះសហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមទៀត។
៣) គាំទ្រផ្តល់មធ្យោបាយ និងសម្ភារជួយដល់ការអនុវត្តច្បាប់ ដូចជាផ្តល់ដ្រូន ដល់គ្រប់មន្ទីរទាំងអស់ ដើម្បីជួយសម្រួល ដល់ការល្បាតរបស់សមត្ថកិច្ច ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាពនៃការផ្ទៀងផ្ទាត់ និងអន្តរាគមន៍ទប់ស្កាត់បទល្មើស បន្ថែមទៀត។
៤) ជំរុញការបណ្តុះ ដាំ និងស្តារព្រៃឈើឱ្យច្រើន ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចបានកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
វិធានការទាំង៤ខាងលើ របស់ក្រសួងបរិស្ថាន បានដាក់ចេញស្របជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តនាពេលកន្លងមក របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឆន្ទះមុតស្រួចបន្តថែមទៀត និងបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ ផ្តោតលើអាទិភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដើម្បីការរស់នៅប្រកបដោយចីរភាព និងឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០៕









-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
-
ព័ត៌មាន2 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន