Connect with us

ព័ត៌មាន

ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម

ភ្នំពេញ ៖ ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រ និងលើកទឹកចិត្ដដល់សហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ និង វាយតម្លៃភាពអនុលោមឱ្យកាន់តែទូលំទូលាយ ដើម្បីធានាដល់ផលិតផល សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងរបស់សហគ្រាសនីមួយៗ បាន អនុលោមតាមស្តង់ដា និងបទប្បញ្ញត្តិត្រឹមត្រូវ។

​ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វាយតម្លៃទទួលស្គាល់នៃកម្ពុជា ថ្លែងក្នុងពិធីបើកទិវាវាយតម្លៃទទួលស្គាល់ពិភពលោកប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “ការវាយតម្លៃ ទទួលស្គាល់៖ លើកកម្ពស់សក្តានុពលសហគ្រាសធុនតូច និងមធ្យម” នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញ SME នេះបើ យោងតាមអង្គការពាណិជ្ជកម្មពិភពលោក សហគ្រាសធុនតូច និងមធ្យម មានប្រមាណ ៩៥% នៃធុរកិច្ចសកល ដែលបានជួយបង្កើត ការងារបានប្រមាណ ៦០% នៃការងារសរុបរបស់ពិភពលោក។ ទោះបីជាសហគ្រាសធុនតូច និងមធ្យមមានសារៈសំខាន់ សម្រាប់ សេដ្ឋកិច្ចសកល យ៉ាងនេះក្ដីក៏នៅមានសហគ្រាសធុនតូច និងមធ្យមមួយចំនួន នៅជួបបញ្ហាប្រឈម និងជួបឧបសគ្គជាច្រើនដូចជា ការលំបាកក្នុងការនាំចេញ របាំងបច្ចេកទេសនៃការធ្វើពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យដោយសារសហគ្រាស ធុនតូច និងមធ្យមមួយចំនួននោះ មិនបានគោរព តាមលក្ខខណ្ឌបទប្បញ្ញត្តិនិងអនុលោមតាមតម្រូវការនៃគោលការណ៍ស្តង់ដា។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ទិវាវាយតម្លៃទទួលស្គាល់នៅឆ្នាំនេះ ក៏មានគោលបំណងគាំទ្រ និងលើកទឹកចិត្ដឱ្យ សហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ និងវាយតម្លៃភាពអនុលោមឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីធានាថា ផលិតផល សេវាកម្មនិងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន បានអនុលោមតាមស្តង់ដា និងបទប្បញ្ញត្តិត្រឹមត្រូវ។

សូមបញ្ជាក់ថា ទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ ការវាយតម្លៃទទួលស្គាល់៖ លើកកម្ពស់សក្ដានុពល សហគ្រាសធុនតូច និងមធ្យម បានផ្ដួចផ្ដើមឡើងដោយស្ថាប័នអន្ដរជាតិ International Accreditation Forum (IAF) និង International Laboratory Accreditation Cooperation (ILAC) ដែលមានគោលបំណងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការ យល់ដឹងអំពីសារៈសំខាន់ នៃការងារវាយតម្លៃទទួលស្គាល់ និងការងារវាយតម្លៃភាពអនុលោម ក្នុងការរួមចំណែកជួយពង្រឹងដល់ សហគ្រាសធុនតូច និងមធ្យម ឱ្យមានសមត្ថភាពប្រកួតប្រជែង ប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងគុណភាពផលិតផល របស់ខ្លួន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia