ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា ការប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
តាមរយៈអ្នកនាំពាក្យក្រសួងាការពារជាតិ កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូត ក្រសួងការពារជាតិបញ្ជាក់ពីការត្រៀមខ្លួនពេញលេញរបស់កងយោធពលខេមរភូមិន្ទដើម្បីការពារអធិបតេយ្យភាព និងប្រជាជនរបស់ព្រះរាជាណាចក្រកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ យោងតាមមាត្រា 51 នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារក្សាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយ។
រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
ក្រសួងការពារជាតិសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ៕


-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត