ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «មានមាតាសុខភាពល្អ មានទារកសុខភាពល្អ នឹងមានជាតិសុខភាពល្អ»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា៖ មានមាតាសុខភាពល្អ មានទារកសុខភាពល្អ នឹងមានជាតិសុខភាពល្អ រាល់ជីវិតត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវឆ្លើយតបបានរហ័សត្រឹមត្រូវ នោះគឺការជួយសង្រ្គោះជីវិតមាតា និងទារក។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ឆ្នាំ២០២៥-២០៣០ និងពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើត ឆ្នាំ២០២៥-២០៣០នេះ ជាឯកសារយុទ្ធសាស្ត្រមានសមាសធាតុគន្លឹះ ៧ចំណុច ដែលចាំបាច់ត្រូវអនុវត្តស្របពេលជាមួយគ្នានឹងការពង្រឹងប្រព័ន្ធសុខាភិបាល ពង្រឹងសមត្ថភាពក្នុងការបម្រើសេវានៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិតទាំងសាធារណៈ និងឯកជន។ ការពិនិត្យលើករណីស្លាប់របស់មាតា និងទារកជុំវិញកំណើតនឹងជួយដល់ការរកឃើញមូលហេតុពិតប្រាកដ ដើម្បីធ្វើការកែលម្អនិងបង្កើនគុណភាពព្យាបាលបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីការបង្ការការបញ្ជៀសកត្តាហានិភ័យ ដែលបង្កជាមូលហេតុនៃការស្លាប់របស់មាតា និងទារក ដោយ៖ ១. ត្រូវយកចិត្តទុកដាក់លើការពិនិត្យផ្ទៃពោះប្រកបដោយគុណភាព កំណត់ឱ្យបាន និងរកឱ្យឃើញទាន់ពេលវេលាស្ត្រីមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ គ្រប់គ្រងផលវិបាកឱ្យបាន និងបញ្ជូនទៅមន្ទីរពេទ្យ ដែលមានសេវាសង្គ្រោះបន្ទាន់កម្រិតខ្ពស់ជាង។
២. ត្រូវបម្រើការថែទាំជាសារវន្ត ក្នុងពេលសម្រាល និងក្រោយសម្រាល ការតាមដានស្ថានភាពសុខភាពទាំងម្តាយទាំងទារកទើបនឹងកើតជាប់ជាប្រចាំ។
៣. ត្រូវផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត រួមជាមួយនឹងប្រព័ន្ធបញ្ជូនដែលដំណើរការពេញលេញ។ ក្នុងករណីមានផលវិបាកធ្ងន់ធ្ងរ សុំឱ្យរួមគ្នាធ្វើការងារជាក្រុម និងមានការគាំទ្រពីអ្នកជំនាញ ឬអ្នកឯកទេសដទៃទៀត។
៤. រៀបចំការបណ្តុះបណ្តាលជំនាញចាំបាច់ក្នុងការសង្គ្រោះជីវិតស្ត្រី និងទារក បង្កើនការជួយគាំទ្រគ្នាពីមន្ទីរពេទ្យជាតិ ទៅមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព ដើម្បីបន្តពង្រឹងសមត្ថភាពបុគ្គលិកគ្រប់កម្រិត។
៥. ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ អង្គការដៃគូ អជ្ញាធរមូលដ្ឋាន គ្រួសារ និងសហគមន៍ ដើម្បីជួយដល់ស្ត្រីមានផ្ទៃពោះនិងទារក ទាន់ពេលវេលា។
៦. ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវជំរុញឱ្យមន្ត្រីសុខាភិបាលពាក់ព័ន្ធទាំងអស់អនុវត្តពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត ហើយរៀបចំបង្កើតគណៈកម្មការថ្នាក់ខេត្តទៅតាមគោលការណ៍ ដែលមានចែងក្នុងពិធីសារជាតិ និងរៀបចំគណៈកម្មការមន្ទីរពេទ្យខេត្តទៅតាមគោលការណ៍ក្នុងពិធីសារជាតិផងដែរ។ គ្រប់ករណីស្លាប់របស់មាតា និងករណីស្លាប់របស់ទារកជុំវិញកំណើត គណៈកម្មការថ្នាក់ខេត្តត្រូវតែកំណត់ឱ្យបាន ពិនិត្យរកមូលហេតុ ធ្វើផែនការឆ្លើយតប និងធ្វើរបាយការណ៍ភ្លាមមកគណៈកម្មការថ្នាក់ជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ មិនមែនគ្រាន់តែជាអាទិភាពប៉ុណ្ណោះទេ តែជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ដោយយកចិត្តទុកដាក់ ១) ករណីរំលូត សូមគណៈកម្មការអ្នកជំនាញទាំងឡាយពិនិត្យ និងវិភាគសារឡើងវិញការរំលូតដែលមិនត្រឹមត្រូវ ២) ករណីមរណភាពមាតា និងទារក ត្រូវតែមានការតាមដានឱ្យបានជាប់ជាប្រចាំ ៣) ត្រូវបង្កើនការស្រាវជ្រាវ អំពីករណីមិនទាន់មានការថយចុះអត្រាមរណភាពមាតា និងទារក។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីអញ្ជើញមកពីរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងដៃគូអភិវឌ្ឍ តំណាងអង្គការសុខភាពពិភពលោក សាកលវិទ្យាល័យជាតិសឹង្ហបុរី ,UNFPA និងតាមប្រព័ន្ធ Zoom ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្រ្តីកម្មវិធីជាតិ មណ្ឌលសុខភាព ចំនួន ២២៥៨នាក់៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង