ព័ត៌មាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី ក្នុងសមរភូមិឈ្លានពានរបស់កងទ័ពថៃ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជកម្ពុជា បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី២រូប នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ក្នុងសមរភូមិឈ្លានពានពីកងទ័ពថៃ នៅប្រាសាទតាមាន់តូច ខេត្តឧត្តរមានជ័យ។
ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់លោកអនុសេនីយ៍ទោ ក្លប រាយ និង លោក ព្រិន្ទបាលឯក ឡោក ម៉ៅ ជាកងទ័ពនៅកងពលតូចថ្មើរជើងលេខ៤២ ដែលទទួលមរណភាព ក្នុងសមរភូមិមុខនៅព្រំដែន ប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកការបាត់បង់ លោកអនុសេនីយ៍ទោ ក្លប រាយ និង លោកព្រិន្ទបាលឯក ឡោក ម៉ៅ ថា ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំងពីររូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្ត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ទៀតថា ក្នុងពេលកម្ពុជារងការវាយប្រហារ ឈ្លានពានពីកងទ័ពថៃឥតឈប់ឈររហូតធ្វើឱ្យកងទ័ពបានបាត់បង់អាយុជីវិត ប៉ុន្តែទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិកាស្នេហាជាតិ។
ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះបូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាជនភៀសសឹក ជម្លៀសមកពីតំបន់ប្រឈមដោយការវាយប្រហាររបស់កងទ័ពថៃ៕















-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ