ព័ត៌មាន
អាជ្ញាធរមីន អំពាវនាវដល់សហគមន៍អន្តរជាតិឈរជាមួយកម្ពុជា ថ្កោលទោសទង្វើអមនុស្សធម៌របស់ថៃឈ្លានពានកម្ពុជា ដោយប្រើប្រាស់គ្រាប់បែកចង្កោម
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានចេញលិខិតធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យឈរជាមួយកម្ពុជាថ្កោលទោសទង្វើអមនុស្សធម៌របស់ថៃ ឈ្លានពានដោយគិតព្រាងទុកជាមុន និងការប្រើប្រាស់គ្រាប់បែកចង្កោមមកលើប្រទេសកម្ពុជា។

យោងតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរមីនកម្ពុជា ដែលបានចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់ថាបានប្រើប្រាស់ គឺជាអាវុធដ៏ព្រៃផ្សៃបំផុត ដែលប្រើប្រាស់នៅក្នុងសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ មិនត្រឹមតែបង្កសោកនាដកម្មនាពេលបច្ចុប្បន្ននោះទេ វានឹងបន្តនៅពាសពេញផ្ទៃដីរបស់កម្ពុជា និងបន្តបង្កសោកនាដកម្មដល់មនុស្សនាពេលអនាគតផងដែរ។ នៅពេលដែលគ្រាប់បែកនេះធ្លាក់មកវានឹងបែកចេញជាគ្រាប់តូចៗជាច្រើនស្រោចស្រពទៅលើវាលស្មៅ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីតាំងប្រាសាទនានាហើយគ្រាប់ទាំងនេះ នឹងមិនបាត់ទៅវិញឡើយ ទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ ហើយវានឹងក្លាយជាស្រមោលដ៏សែនឃោរឃៅនៃសង្គ្រាម ដែលបន្តគំរាមកំហែងដល់ប្រជាជន។
អាជ្ញាធរមីនបានចាត់ទុកថា ការវាយប្រហាររបស់ទាហានឈ្លានពានថៃមកលើកម្ពុជា នាពេលនេះ «គឺមិនមែនជាជម្លោះយោធានោះទេ តែជាការបង្កសោកនាដកម្មដល់ប្រជាជនស្លូតត្រង់ ស្ត្រី កុមារ ព្រះសង្ឃ និងកសិករ។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មនុស្សបានរបួសនិងបាត់បង់ជីវិត និងផ្ទះសម្បែង ទ្រព្យសម្បត្តិ និងទីសក្ការៈបូជាត្រូវបានបំផ្លាញ ត្រូវនិងឆេះខ្ទេចខ្ទី ប្រាសាទព្រះវិហារដែលមានតម្លៃជាសកលសម្រាប់មនុស្សជាតិ ជាបេតិកភណ្ឌពិភពលោក ជានិមិត្តរូបនៃដួងព្រលឹងសន្តិភាព និងជាអត្តសញ្ញាណជាតិកម្ពុជា ត្រូវទទួលរងផលប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារនេះ(ពីសំណាក់ទាហានឈ្លានពានសផម)។ វាគឺជាការឈឺចាប់បំផុតរបស់ប្រជាជាតិ ហើយវានឹងបន្តដល់មនុស្សជំនាន់ក្រោយទៀត»។
តាមរយៈសេចក្តីអំពាវនាវនេះ អាជ្ញាធរមីន ក៏បានលើកឡើងផងដែរថាការឈ្លានពានរបស់ទាហានសៀមក៏បានធ្វើឱ្យអាក់ខានដល់ការអប់រំផងដែរ ដោយគិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនប្រមាណជិត ៥០០ នៅក្នុងខេត្ត/ក្រុងចំនួន១៤ នៅតាមបណ្ដោយព្រំដែន ត្រូវបង្ខំឱ្យបិទ ដែលបានប៉ះពាល់ជាខ្លាំងដល់សិស្ស និងគ្រូប្រមាណ ១៣០,០០០ នាក់។ កុមារដែលអង្គុយរៀននៅក្នុងថ្នាក់ បែរជាមកជ្រកលាក់ខ្លួនដោយភ័យខ្លាច គ្មានសុវត្ថិភាព និងមិនអាចទៅសាលារៀន និងធ្វើសកម្មភាពប្រចាំថ្ងៃមិនដូចមុនឡើយ។ ការឈ្លានពាននេះ មិនត្រឹមតែបង្កការអាក់ខានដល់ការសិក្សា របស់ក្មេងនោះទេ តែវានឹងប៉ះពាល់ជាខ្លាំងដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេផងដែរ។
យ៉ាងណាក៏ដោយជាថ្មីម្ដងទៀតអាជ្ញាធរមីន អំពាវនាវដល់សហគមន៍អន្តរជាតិ ទាំងរដ្ឋាភិបាល ទាំងប្រជាជនគ្រប់ទីកន្លែងនៅទូទាំងពិភពលោក ឱ្យឈរនៅជាមួយកម្ពុជា ខណៈពេលវេលានេះមិនមែនជាពេលវេលា ដែលយើងត្រូវនៅស្ងៀមស្ងាត់នោះទេ គឺជាពេលវេលាដែលយើងត្រូវបង្ហាញភាពក្លាហានរបស់យើង ថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃនេះ ទាមទារឱ្យមានការទទួលខុសត្រូវ និងគាំទ្រពេញទំហឹងដល់ប្រជាជនរងគ្រោះ ដែលបានបង្កឡើងពីទាហានឈ្លានពានសៀមនោះ៕អត្ថបទ បាន ចក់




-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ