ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី៖“ខ្មែរត្រូវតែខំពង្រឹងសមត្ថភាពខ្លួនឯង […] ការធ្វើជំរឿនមន្ត្រីនាពេលនេះជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យើង”
មានប្រសាសន៍ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។
“ការធ្វើជំរឿននេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះបម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងជាសមាសធាតុដ៏សំខាន់មួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយទិន្នន័យនៃជំរឿន នឹងជួយរាជរដ្ឋាភិបាល ក្នុងការវាយតម្លៃមូលធនមនុស្ស នៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗ, ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាព និងការពង្រាយមន្ត្រី ដើម្បីដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ, ការកែលម្អការជ្រើសរើសមន្ត្រី ដោយផ្អែកលើតម្រូវការជាក់ស្ដែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ជាដើម។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍។
ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅ ដើម្បីរៀបផែនការពង្រឹងសមត្ថភាព, ការពង្រាយមន្ត្រីឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិ ចូលរួមគាំទ្រដល់ការធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តលើកឡើងអំពីការពង្រឹងសមត្ថភាព តាមរយៈការធ្វើជំរឿនមន្ត្រីថា “តាមរយៈជំរឿនមន្ត្រីរាជការនៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចវាយតម្លៃមូលធនមនុស្សរបស់កម្ពុជា ដែលជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស តាមរយៈផែនការពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងការរៀបចំពង្រាយមន្ត្រីឱ្យចំគោលដៅស្របតាមគុណវុឌ្ឍិរបស់មន្ត្រី និងការគិតគូរចំពោះមន្ត្រីដែលសកម្មការងារ តាមរយៈប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ឬផលិតភាពការងារ។ ជំរឿនមន្ត្រីក៏ជាមូលដ្ឋានទិន្នន័យរួមមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព អាចជឿទុកចិត្តបានពីភាគី និងស្ថានភាពមន្ត្រី សម្រាប់ការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ការប្រកួតប្រជែងជាមួយប្រទេសដទៃ និងការឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។”
ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវមន្ត្រីដែលត្រូវធ្វើជំរឿនគ្រប់រូប សូមចូលរួមក្នុងយុទ្ធនាការជំរឿនឱ្យបានគ្រប់គ្នា ហើយសូមកុំឱ្យមានការយល់ច្រឡំណាមួយ ដែលជាការព្រួយបារម្ភអំពីការធ្វើជំរឿនមន្ត្រីនាពេលនេះ។ “ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ឬជាការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា តែឯងនោះទេ តែជំរឿន ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវមានការចូលរួមសហការពីអង្គភាព ដែលត្រូវធ្វើជំរឿន។” […] ការគាំទ្រ និងការចូលរួមក្នុងការធ្វើជំរឿននេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានទិន្នន័យជាមូលដ្ឋាន សម្រាប់ ការតាមដានបម្រែបម្រួលស្ថានភាពរបស់មន្ត្រី និងបុគ្គលិកអប់រំ, ការព្យាករណ៍អំពីទំហំតម្រូវការមន្ត្រី និងបុគ្គលិកអប់រំជាក់ស្តែង ដើម្បីដាក់ចេញគោលនយោបាយជាអាទិភាព ស្របតាមការវិវត្តនៃសង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕




-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង