ព័ត៌មាន
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយជនភៀសសឹក នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
សៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ពីសមរភូមិទិសខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ចំនួនជិត ១៥០០នាក់ ដែលក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនភៀសសឹកទាំងអស់។ ឯកឧត្តមក៏បានជម្រាបជូនពីការសម្រេចបាននូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងកម្ពុជានិងថៃ ចាប់ពីម៉ោង ១២អាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលសន្តិភាពនឹងត្រឡប់មកដូចដើមវិញ ហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកនឹងអាចបានត្រឡប់ទៅទីលំនៅវិញ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីថា រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងការអំពាវនាវដល់សមាគម ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ជួយពិនិត្យលទ្ធភាពសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងជនភៀសសឹកផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពអត់ធ្មត់របស់ប្រទេសកម្ពុជា ដើម្បីចៀសវាងនូវសង្រ្គាម ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនលើកច្រើនសារ អស់រយៈពេលរាប់សតវត្សរ៍ និងស្គាល់ច្បាស់ពីផលលំបាកកើតចេញពីសង្រ្គាម ប៉ុន្តែមិនអាចចៀសវាងបាន ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា សង្រ្គាមលើកនេះ បានបង្ហាញនិងឆ្លុះបញ្ចាំងពីសាមគ្គីភាព ទឹកចិត្ត និងការស្រឡាញ់ កងទ័ពពីសំណាក់ប្រជាជនកម្ពុជាផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដីដែលបានផ្តល់ការយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសសឹក ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ក្រុមមេធាវី ក្រុមគ្រូពេទ្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសប្បុរសជនដែលបាននាំមកនូវអំណោយ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សាប៊ូដុសខ្លួន ខោខ្លី ខោអាវឈុតមនុស្សចាស់ ខោអាវឈុតកូនក្មេង អាវ សម្ភារៈកូនក្មេង ចាហួយ ស្ករគ្រាប់ ខោទឹកនោម កន្សែងពោះគោ ភួយ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗទៀតជាច្រើន ជូនដល់បងប្អូនជនភៀសសឹកផងដែរ៕










-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង