ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹក នៅខេត្តព្រះវិហារ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី រួមជាមួយ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងឯកឧត្តម លោកជំទាវសមាជិក សមាជិការដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤៥០០គ្រួសារ ដែលបានមកស្នាក់នៅជាបណ្ដោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនភៀសសឹក ថ្នាក់ដឹកនាំរដ្ឋសភា និងប្រជាពលរដ្ឋ បានធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធជាមួយកងទ័ពថៃ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរាយការណ៍ជូន ថ្នាក់ដឹកនាំរដ្ឋសភា ថាបច្ចុប្បន្នប្រជាពលរដ្ឋបានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាព មាន១៥ទីតាំង និងផ្ទះសាច់ញាតិ ៧ក្រុង ស្រុក សរុបចំនួន ៩,៩៩៤គ្រួសារ ស្មើនឹងចំនួន ៣២,៥៥៨នាក់។ ដោយឡែក សម្រាប់មណ្ឌលវត្តពោធិ៍ ៥០០០ដើម នេះ មានចំនួន ៤,៧៨៩គ្រួសារ ស្មើនឹង ១៦,២១៣នាក់ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់នៅរបស់បងប្អូនដែលកំពុងជួបទុក្ខលំបាកក្នុងគ្រាដែលត្រូវភៀសសឹក ចាកចោលពីផ្ទះសម្បែងបែបនេះ។
ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។ ទុក្ខលំបាកទាំងនេះ គឺកាន់តែធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព។ ដូច្នេះហើយ សន្តិភាព គឺពិតជាមានតម្លៃណាស់ ដែលភាគីទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបាន។
នាឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជម្រាបជូនពុកម៉ែបងប្អូននូវលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបពិភាក្សា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាលើបទ ឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាន កាលពីវេលារំលងអធ្រាត្រម៉ោង ២៤:០០នាទីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានបញ្ឈប់ការប្រយុទ្ធតតាំងគ្នាទាំងស្រុង។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្តួចផ្តើមគំនិតបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យ បានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អីប្រាហ៊ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងបង្កើតឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀង ឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើឱ្យពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន និងរក្សាខ្លួននៅទីតាំងសុវត្ថិភាពរហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។ បើទោះជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដ នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងរស់នៅទីនេះ មេត្តា ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូមប្រើប្រាស់បង្គន់អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា មានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ សូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់ សម្បូរមូសគ្រប់ប្រភេទ។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋសភានាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ មានចំនួន៤៥០០កញ្ជប់ សម្រាប់ចែកជូន៤៥០០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន១កញ្ចប់ ក្នុងនោះមាន៖ អង្ករ ប៊ីចេង អំបិល ខ្ទឹមស ម្ទេសម៉ត់ ទឹកបរិសុទ្ធ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ រួមទាំងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តម វង សូត ព្រមទាំងគណៈប្រតិភូ បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ សាដក០១ និងបច្ច័យ ៦ម៉ឺនរៀល ព្រមទាំង ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន១១.៥៩០.០០០រៀល សម្រាប់ចូលរួមកសាង ព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍ ៥០០០ដើម ផងដែរ៕

-
ព័ត៌មាន1 week ago
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោ៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់»
-
ព័ត៌មាន6 days ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
PR NEWS3 days ago
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា សរុបចំនួន ១,០០០,០០០ ដុល្លារ
-
ព័ត៌មាន5 days ago
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចាប់ផ្តើម ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងមានការចូលរួមពីតំណាងអាមេរិក និងចិន
-
ព័ត៌មាន6 days ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន6 days ago
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
-
ព័ត៌មាន1 week ago
រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់អាហារជូនបងប្អូនភៀសខ្លួនពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ