ព័ត៌មាន
ក្រសួងការងារនាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។
ក្នុងពិធីបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ស្ថិតនៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វេទិកានេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីបណ្តាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បានចុះមកផ្ទាល់ដើម្បីធ្វើការសម្ភាសជ្រើសរើសបុគ្គលិកកម្មករជាមួយនឹងបងប្អូនប្រជាពលរដ្ឋភា្លមៗ ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ពលករខ្មែរ ដែលទទួលបានការងារធ្វើនៅស្រុក នឹងអាចទទួលបានប្រាក់ខែចន្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ ហើយប្រសិនបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតអាចលើសពី ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះ ប្រជាពលរដ្ឋដែលទទួលបានការងារធ្វើនៅស្រុកខ្មែរ នឹងទទួលបានការគាំពារចំពោះសុខុមាលភាព ទាំងពេលឈឺ និងពេលគ្រោះថ្នាក់ ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា សម្រាប់ស្រ្តីមានផ្ទៃពោះ នឹងទទួលបានសេវាពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាលដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន១៤លើក ដែលក្នុងមួយលើកទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល ពិសេសពេលសម្រាលកូននឹងទទួលបានសេវាសម្រាលដោយឥតគិតថ្លៃ រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀលសម្រាលបានកូនម្នាក់ សម្រាលបានកូនភ្លោះពីរនាក់ទទួលបាន ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីនាក់ទទួលបានចំនួន ១លាន ៦០ម៉ឺនរៀល រួមទាំងប្រាក់បំណាច់មាតុភាពចំនួន ៩០ថ្ងៃ ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។
ឯកឧត្តម ហេង សួរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសេពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ដែលចង់រកការងារធ្វើ កុំភ្លេចទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានដាក់លេខទូរស័ព្ទនៅក្នុងខិត្តប័ណ្ណដែលក្រុមការងារក្រសួងបានចែកជូន ដើម្បីទទួលបានការងារភ្លាមៗ និងធ្វើឱ្យបងប្អូនមានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង