ព័ត៌មាន
ក្រសួងព័ត៌មាន និងកាកបាទក្រហមរៀបចំសិក្ខាសាលាស្តីពី“ប្រវត្តិចលនាអន្តរជាតិ និងគោលការណ៍គ្រឹះ នៃច្បាប់មនុស្សធម៌អន្តរជាតិ
ភ្នំពេញ ៖ ស្របតាមសភាពការណ៍ នៃវិបត្តិដោយសារសង្គ្រាមលើសកលលោកបច្ចុប្បន្ន ដែលចាំបាច់ត្រូវលើកយកច្បាប់មនុស្សធម៌អន្តរជាតិធ្វើជាមូលដ្ឋាន ក្នុងការអនុវត្តការងារ ក្នុងឱកាសនេះដែរ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និង កាកបាទក្រហមកម្ពុជា” ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីការប្រើប្រាស់ និងការការពារបដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដល់អ្នកសារព័ត៌មានមកពីស្ថាប័ន អង្គភាព ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន ដើម្បីបានយល់ច្បាស់ពីចំណុចនានាទាំងឡាយ ដែលក្រុមប្រតិបត្តិការងារ កាកបាទក្រហមកម្ពុជា បានធ្វើការពន្យល់បង្ហាញពីចំណុចសំខាន់ៗនៃច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម ជាពិសេសគោលការណ៍គ្រឹះទាំង៧ និងតួនាទីភារកិច្ចរបស់ កាកបាទក្រហមកម្ពុជា។ នេះបើតាមការលើកឡើងរបស់ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា រាជក្រឹត្យស្តីពីការទទួលស្គាល់ កាកបាទក្រហមកម្ពុជា និង ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការពារបដិរូប កាកបាទក្រហម និង អឌ្ឍចន្ទក្រហម នេះបានតាក់តែងឡើង ដោយមានការជួយបច្ចេកទេសពីក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងមានការពិគ្រោះយោបល់ជាប្រចាំរវាង កាកបាទក្រហមកម្ពុជា ជាមួយអ្នកច្បាប់នៃគណៈកម្មាធិការ អន្តរជាតិកាកបាទក្រហម និងសហព័ន្ធអន្តរជាតិ។ ច្បាប់នេះបានរៀបចំឡើងដោយសម្របសម្រួលមាត្រាផ្សេងៗ ឱ្យបានស្របទៅតាមខ្លឹមសារអនុសញ្ញាហ្សឺណែវ៤ ឆ្នាំ១៩៤៩ ពិធីសារបន្ថែមពីរឆ្នាំ ១៩៧៧ និងពិធីសារបន្ថែមទីបី ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០០៧ និងស្របទៅតាមបរិបទច្បាប់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ បានឡាយព្រះហស្តលេខា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២រួចមក កាកបាទក្រហមកម្ពុជា បានធ្វើការផ្សព្វផ្សាយ ជាប្រចាំនូវខ្លឹមសារព្រះរាជក្រឹត្យទាំងពីរនេះ ក្នុងគោលបំណងឱ្យពលរដ្ឋកម្ពុជាគ្រប់រូប បានយល់ជ្រួតជ្រាបពីច្បាប់ជាតិ និងអន្តរជាតិ ដែលចែងពីការទទួលស្គាល់ សមាគមជាតិ និងពីការប្រើប្រាស់បដិរូប កាកបាទក្រហម ឱ្យបានត្រឹមត្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងដែរថា ដើម្បីធានាឱ្យបាននូវការគោរព និងការការពារបដិរូបជាសកល ត្រូវមានកាតព្វកិច្ចដាក់បញ្ចូលក្នុងច្បាប់ជាតិរបស់ខ្លួន ដើម្បីគ្រប់គ្រងការប្រើប្រាស់បដិរូបសម្រាប់ការពារ និងដាក់ទោសចំពោះការប្រើប្រាស់ ដោយគ្មានការអនុញ្ញាត ទាំងក្នុងពេលមានជម្លោះប្រដាប់អាវុធ និងក្នុងពេលសន្តិភាព។ ការការពារ និងបង្ក្រាបការប្រើប្រាស់ខុស មិនអាចសម្រេចបានដោយគ្រាន់តែអនុម័តបទបញ្ជា ឬវិធានការពិន័យប៉ុណ្ណោះឡើយ។ អាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយដល់សាធារណជន ក្រុមហ៊ុនពាណិជ្ជកម្មរ និងសហគមន៍វេជ្ជសាស្ត្រអំពីរបៀបប្រើប្រាស់ បដិរូបឱ្យបានត្រឹមត្រូវ។ សមាគមជាតិ ក៏ត្រូវសហការជាមួយអាជ្ញាធរសាធារណៈ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់បដិរូបឱ្យបានត្រឹមត្រូវ៕
អតបទ៖ សំ ងីម











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង