ព័ត៌មាន
ពុទ្ធបដិមាធ្វើអំពីស្ពាន់កម្ពស់ ៩ម៉ែត្រ បានដាក់តម្កល់ជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានយាងប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមា ធ្វើអំពីស្ពាន់កម្ពស់ ៩ម៉ែត្រ ដើម្បីតម្កល់ក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក នៅក្រោយចប់កម្មវិធីនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា ការតម្កល់ព្រះពុទ្ធបដិមានេះ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។ បន្ថែមពីនេះ គឺដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ព្រលានយន្តហោះទាំងអស់ជួបតែសេចក្តីសុខសប្បាយនៅក្នុងការធ្វើដំណើរ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមទៀតថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជាកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះគឺរំពឹងថា នៅក្នុងរាល់រចនាបថ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ គឺដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីព្រះពុទ្ធបដិមា ក៏មានដាក់តាំងបន្ថែមអំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើននាំមកពីខេត្តសៀមរាប។ សូមបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ជាអាកាសយានដ្ឋាន 4F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបអាចឲ្យប្រភេទយន្តហោះធុនយក្សចុះចតបាន។ តាមការគ្រោងទុក ព្រលានយន្តហោះថ្មីនេះ នឹងបើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា។ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នឹង សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ