ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus, នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមអបអរសាទរមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ (NCHADS) និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលបានទទួលវិញ្ញាបនបត្រទទួលគុណភាព ពី ISO។ សមទ្ធិផលនេះ គឺជាភស្តុតាងបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរពិសោធន៍ទាំងបី ក៏ដូចជាការគាំទ្រយ៉ាងរឹងមាំពីដៃគូសហការ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US-CDC) ប្រចាំនៅកម្ពុជា។ ចាប់តាំងពីដើមអាណត្តិទី៧មក រាជរដ្ឋាភិបាលបានកំណត់យកការពង្រឹងប្រព័ន្ធសេវាសុខាភិបាលជាអាទិភាពមួយ នៅក្នុងចំណោមអាទិភាពផ្សេងៗទៀត សម្រាប់ការផ្តល់សុខុមាលភាពជូនប្រជាជន។ នៅក្នុងន័យនេះ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសេវាសុខាភិបាល ហើយចាត់ទុកការពង្រឹងសេវាមន្ទីរពិសោធន៍តាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេសជាយុទ្ធសាស្រ្តស្នូលមួយរបស់វិស័យ សម្រាប់គាំទ្រការងារថែទាំ និងព្យាបាល និងឆ្លើយតបនឹងការផ្ទុះរាលដាលនៃជំងឺឆ្លង។ ដូចនេះ ការងារលើកកម្ពស់គុណភាពសេវាមន្ទីរពិសោធន៍វេជ្ជសាស្រ្ត គឺជាការងារដែលត្រូវធ្វើជាចាំបាច់ និងមិនអាចពន្យារពេលវេលាបាន។ ទន្ទឹមនឹងនេះ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលមានមុខងារជាមន្ទីរពិសោធន៍បង្អែកជាតិ បានផ្តល់កម្មវិធីបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍កម្រិតមូលដ្ឋាន បានចាប់តាំងពីឆ្នាំ២០១១មក។ គិតមកដល់ពេលនេះ វគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ គឺជាកម្មវិធីលើកកម្ពស់គុណភាពសេវាមួយ ដែលបានអនុវត្តនៅតាមមន្ទីរពិសោធន៍នៃមន្ទីរពេទ្យសាធារណៈគ្រប់កម្រិត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូម ជូននូវអនុសាសន៍មួយចំនួនទៀត សម្រាប់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធទាំងអស់ យកទៅធ្វើការពិចារណា ក្នុងកម្រិតបច្ចេកទេស និងរៀបចំជាសកម្មភាព សម្រាប់ពង្រឹងការងារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ជាបន្តទៀត៖
1. អ្នកបច្ចេកទេសមន្ទីរពិសោធន៍ត្រូវខិតខំសិក្សាបន្ថែម ឱ្យលើសពីអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសមន្ទីរពិសោធន៍ ឱ្យឈានឡើងមួយកម្រិតទៀត។
2. វិទ្យាស្ថានត្រូវចូលរួមសហការរិះរក និងរៀបចំគោលនយោបាយគ្រប់គ្រងគុណភាពសេវាមន្ទីរ ពិសោធន៍នៅកម្ពុជា ឱ្យសមស្របទៅនឹងបរិបទរបស់ប្រទេស និងមានលក្ខណៈកាន់តែប្រសើរឡើងជាជំហ៊ានៗ ដើម្បីធានាថា សេវាមន្ទីរពិសោធន៍មានគុណភាព និងមាននិរន្តរភាព។
3. ការប្រើប្រាស់ឧបករណ៍សម្រាប់ការវាយតម្លៃមន្ទីរពិសោធន៍សាធារណៈ និងឯកជន គួរតែឈរលើស្តង់ដាតែមួយ។ ដូច្នេះវិទ្យាស្ថានជាតិសុខភាពសាធារណៈ សហការក្នុងការផ្តល់ធាតុចូលដល់នាយកដ្ឋានមន្ទីរពេទ្យ ដើម្បីកែសម្រួលស្តង់ដានៃការវាយតម្លៃមន្ទីរពិសោធន៍ទាំងពេល សុំអាជ្ញាបណ្ណ និងពេលបន្តអាជ្ញាបណ្ណ។
4. មន្ទីរពិសោធន៍ទាំងសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តកម្មវិធីកែលំអគុណភាពជាប្រចាំ ដើម្បីកែលំអគុណភាពជាបណ្តើរៗ ឆ្ពោះទៅទទួលបានការទទួលស្គាល់គុណភាពថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ និងធានាបានសេវាធ្វើតេស្តដែលមានគុណភាពជូនដល់ប្រជាជន។
5. រៀបចំប្រព័ន្ធមន្ទីរពិសោធន៍សាធារណៈមួយ ដែលមានគុណភាព ប្រទាក់ក្រទ្បាគ្នា និងឆ្លើយឆ្លង គ្នាបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្ទុះជំងឺ និងបម្រើសេវាគាំទ្រការ ថែទាំ និងព្យាបាលបានកាន់តែទូលំទូលាយ៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន7 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន7 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន5 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន1 week agoអាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
-
ព័ត៌មាន2 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី