ព័ត៌មាន
កាកបាទក្រហមកម្ពុជា បន្តផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ
កំពង់ស្ពឺ៖ ផ្ទះចំនួន២ខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលមានជីវភាពទីទ័លក្រលំបាកកូនច្រើន និងលោកយាយចាស់ជរាគ្មានទីពឹង រស់នៅក្នុងភូមិព្រៃឈើទាល ឃុំបសេដ្ឋ និងភូមិខ្នងភូមិ ឃុំព្រះខែ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ការប្រគល់ជូន បានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ។

លោកស្រី ភឹម ចាន់ធី គឺជាស្ត្រីមេម៉ាយត្រូវប្តីស្លាប់ចោល ហើយបន្សល់ទុកកូនតូចៗចំនួន៧នាក់ ក្នុងបន្ទុកលើខ្ទមកំសត់ ដោយមើលឃើញពីភាពលំបាក ក្នុងការរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯង និងការរស់នៅមិនសមរម្យ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសម្រេចសង់ផ្ទះមួយខ្នង ដើម្បីផ្តល់ជូនឱ្យរស់នៅបានសមរម្យ និងគត់មត់ពីភ្លៀងខ្យល់ផ្គររន្ទះ ។ ដោយឡែក ស្ថិតក្នុងវ័យចាស់ជរា គ្មានទីពឹងនិងរស់នៅក្នុងខ្ទមរហែក លោកយាយ គង់ ស៊ន អាយុ៧៩ឆ្នាំ ក៏ត្រូវបានកាកបាទក្រហមកម្ពុជាសង់ផ្ទះមួយខ្នងជូនផងដែរ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកក្រហមកម្ពុជាតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយតែងតែខ្វល់ខ្វាយ និងគិតពីសុខទុក្ខរបស់បងប្អូន ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច ។

ឯកឧត្តម បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន មានក្តីសង្ឃឹមឡើងវិញ ជាពិសេសបានគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់ ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ជាក់ស្តែងផ្ទះចំនួន២ខ្នង ដែលសង់ឡើងពីដែកប្រក់ដំបូលស័ង្កសីនេះ កាកបាទក្រហមកម្ពុជា បានកសាងជូនដល់ប្រជាពលរដ្ឋនៅទីនេះ ដែលមានជីវភាពទីទ័លក្រដែរ ដើម្បីបានរស់នៅសមរម្យស្មើមុខស្មើមាត់ ជាមួយប្រជាពលរដ្ឋក្នុងភូមិ ហើយក្រោយពីទទួលបានផ្ទះ សូមបងប្អូនជួយថែរក្សា និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារបន្ថែម ។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានណែនាំលោកស្រី ភឹម ចាន់ធី ឱ្យជំរុញកូនៗបានចូលរៀនគ្រប់គ្នា ដើម្បីអនាគតពួកគេ ហើយរាល់ការចំណាយ ក្នុងការធ្វើដំណើរតាមរម៉កដឹកជញ្ជូន ប្រចាំខែគឺឯកឧត្តមជាអ្នកឧបត្ថម្ភ ។ ទន្ទឹមនោះ ដើម្បីសម្រាលបន្ទុកសម្រាប់ការហូបប្រចាំថ្ងៃដល់គ្រួសារនេះ ឯកឧត្តម ក៏បានឧបត្ថម្ភបន្ថែមក្នុងមួយខែ អង្ករ២ការ៉ុង និងគ្រឿងទេសមួយចំនួនបន្ថែមទៀត ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដែលកំពុងរស់នៅក្នុងភូមិចំនួន ២៤គ្រួសារផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង