Connect with us

ព័ត៌មាន

បទវិភាគ៖ ថៃឈ្លានពានដោយស្ងៀមស្ងាត់ និងបង្កហេតុដោយបើកចំហ

ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២៥ មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និង​ស្មោះត្រង់​ក្នុង​ស្មារតីស្រឡាញ់សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ដោយឡែក ភាគីថៃវិញបាន​បង្ហាញ​ចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាង​ច្បាស់ តាមរយៈ​ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រ ឈ្លានពានដោយស្ងៀមស្ងាត់ ដូចជាការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បី​រាយ​បន្លា​លួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ព្រម​ទាំង​ការ​បាញ់​ជំពាម​កៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម។ របៀបដែល​កង​ទ័ព​ថៃ​ធ្វើ​នេះ​គឺ​ជា​ការ​ឈ្លានពានដោយស្ងៀមស្ងាត់ដែលមានចរិត បង្កហេតុដើម្បីបំផ្លាញ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ប្រសិន​បើភាគីកម្ពុជាអស់ការអត់ធ្មត់។

ម្យ៉ាងទៀត នៅពេលដែលកងទ័ពថៃផ្លាស់ទីចូលមកក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទាំង​បំពាន​ នៅក្រោយ កិច្ចព្រមព្រៀងឈប់បាញ់ ពួកគេបានបង្ហាញចរិតបង្ករឿងជាចំហ តាមរយៈ​ការ​បង្កើត​ព័ត៌មានក្លែងក្លាយដើម្បីចោទប្រកាន់កម្ពុជា ក្នុងចេតនាបង្កើត​លេស​ដើម្បី​បិទ​បាំង​អំពើ​ល្មើស​របស់ខ្លួន។

ជាក់ស្តែង ដើម្បីមានលេសចល័តទ័ព ពួកគេតែងតែចោទប្រកាន់កម្ពុជាថាបានចល័តកងទ័ព។ ដើម្បី​មានលេសចល័តសព្វាវុធ ពួកគេតែងស្រែកថាកម្ពុជាចល័តសព្វាវុធ។ ដើម្បី​មាន​លេស​រុល​ចូល​ទឹក​ដីកម្ពុជា ពួកគេអះញអាងថា កងទ័ពកម្ពុជារុលចូលទឹកដីរបស់ថៃ។ ទាំងនេះគឺ​ជា​ការ​បង្ក​រឿង​ជា​ចំហរ​ដោយមិនខ្មាសអៀនព្រោះតែមហិច្ឆតាចង់បានទឹកដីកម្ពុជាដោយប្រើប្រាស់កលល្បិច «ស្វាស៊ីបាយរួចលាបមាត់ពពែ»។

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះមានព័ត៌មានថា ទាហានថៃ​បាន​ដើរ​ជាន់​មីន​បណ្តាល​ឱ្យ​របួស​៣នាក់ក្នុងនោះម្នាក់ដាច់ជើងទាំងសងខាង។ នេះមិនមែនជាលើកទី១​ទេ​ដែល​ទាហាន​ថៃ​ដើរ​រុលចូល​ក្នុង​ដីមានមីនប្រឆាំង មនុស្សដែលសល់ពីសម័យសង្គ្រាម។ ប៉ុន្តែរាល់លើក ពួកគេតែង​ចោទ​កម្ពុជា​ជាអ្នកដាក់មីនថ្មីៗ ហើយដាក់នៅលើទឹកដីថៃ។ តាមការពិត មីនទាំងនោះជា​កាក​សំណល់​សល់​ពីសម័យសង្គ្រាមសោះ។

រឿងនេះងាយយល់ណាស់ ពីព្រោះសូម្បីប្រជាជនសាមញ្ញម្នាក់ក៏យល់បានដែរ ដោយ​គ្រាន់​តែ​លើក​សំណួរ​មួយយ៉ាងសាមញ្ញសួរថា តើកងទ័ពថៃជាន់មីននៅលើដីថៃឬលើដីកម្ពុជា? បើជាន់​មីន​នៅ​លើទឹកដីថៃ ច្បាស់ណាស់ថា កងទ័ពថៃខ្លួនឯងជាអ្នកដាក់ តែបើជាន់មី​ន​នៅ​លើ​ទឹក​ដី​កម្ពុជា មានន័យថា ពួកគេឈ្លានបានចូលទឹកដីកម្ពុជាដែលមានគ្រាប់មីនសល់ពីសម័យសង្គ្រាម។ ប៉ុន្តែពួកគេមិនដែលហានទទួលស្គាល់ការពិតនោះទេ តែបែរជាចោទកង​ទ័ពកម្ពុជាថាជា​អ្នក​ដាក់​មីន​ថ្មីដើម្បីមួលបង្កាច់ចោទប្រកាន់។

កាលពីមុនការផ្ទុះអាវុធថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក៏មានព្រឹត្តិការណ៍ផ្ទុះមីនដូចគ្នាដែរ ហើយការចោទប្រកាន់មកលើកម្ពុជាក៏ដូចគ្នា។ ក្រោយព្រឹត្តិការណ៍ផ្ទុះមីន មេភូមិភាគ ២ របស់ថៃបានព្រមានបិទប្រាសាទតាមាន់ធំ រួចហើយក៏បើកការវាយប្រហារប្រដាប់អាវុធមកលើកងទ័ពកម្ពុជាតែម្តង។ ឥឡូវនេះ ព្រឹត្តិការណ៍ដូចគ្នាបានកើតឡើងម្តងទៀត ហើយការព្រមានបិទប្រាសាទតាមាន់ធំដោយមេភូមិភាគ ២ ក៏កើតឡើងដូចគ្នា។

ដូច្នេះ បើមានការផ្ទុះអាវុធជាថ្មីដោយបំពានបទឈប់បាញ់គឺប្រាកដណាស់ថា ថៃជាអ្នកបាញ់មុនតាមគំរោងផែនការដែលបានរៀបចំទុកជាមុនរួចស្រេចដូចការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដាដដែល។

សរុបមកវិញ ថៃគឺជាអ្នកបង្កហេតុដោយគ្មានសង្ស័យឡើយ ហើយការផ្ទុះអាវុធនេះទៀតសោតគឺជាសេណារីយ៉ូដែលត្រូវបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ ក្នុងគោលបំណងឈ្លានពានទឹកដីកម្ពុជាតាមផែនទីឯកតោភាគីរបស់ខ្លួន។ ដូច្នេះហើយបានជានៅពេលបទឈប់បាញ់ចូលជាធរមាន ពួកគេក៏ប្រើវិធីដើរចូលទន្ទ្រានទឹកដីខ្មែរ ដែលពួកគេប៉ុនប៉ងយកធ្វើជាកម្មសិទ្ធិទាំងនោះ ដោយបំពានលើបទឈប់បាញ់ ជាពិសេសបំពានការព្រមព្រៀងគ្នា ១៣ ចំណុចនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានចិននិងសហរដ្ឋអាមេរិកចូលរួមសង្កេតការណ៍ដែលមានចែងពីការហាមប្រាមការចល័តទ័ពនិងការដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើង។

ដូច្នេះ សូមសហគមន៍អន្តរជាតិដែលមានអនុព័ន្ធយោធាបរទេស បេសកកម្មការទូត ក្រុមអ្នកសង្កេតការណ៍អន្តរកាល ជាពិសេសសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងចិន ដែលជាអ្នកដើរតួនាទីគន្លឹះក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់នេះជួយធ្វើជាសាក្សីនិងថ្កោលទោសការបំពានបទឈប់បាញ់របស់ថៃហើយការពារបុព្វហេតុការពារបូរណភាពទឹកដីដោយស្មោះត្រង់របស់កម្ពុជា៕

ដោយ វង្ស មករា — សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ

ទស្សនៈដែលបានលើកឡើងនៅទីនេះគឺជាទស្សនៈរបស់អ្នកនិពន្ធ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia