ព័ត៌មាន
និស្សិតកម្ពុជាត្រឡប់ពីប្រទេសថៃចំនួន ៦៥៩នាក់ សំណើសុំអាហារូបករណ៍សម្តេចតេជោសិក្សាបន្តនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាវិញ
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិតកម្ពុជាដែលបានត្រឡប់មកពីប្រទេសថៃ គិតត្រឹមថ្ងៃទី១២សីហា ឆ្នាំ២០២៥ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ ចំនួន១៧៩នាក់ និងលើកទី២ចំនួន ៤៨៧នាក់ ខណៈបច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ លោក លោកស្រី គណៈគ្រប់គ្រង គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន អ្នកអាណាព្យាបាល និងនិស្សិត។
ក្នុងបរិយាកាសដ៏កក់ក្តៅនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយក្មួយៗនិស្សិតកម្ពុជាដែលសម្រេចចិត្តវិលត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទាំងគ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជននៅកម្ពុជាវិញ ព្រមទាំងឆ្លើយតបនឹងកង្វល់ ក៏ដូចជាបញ្ហាមួយចំនួនរបស់និស្សិតពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបានសម្របសម្រួលឱ្យមានការជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពីលក្ខខណ្ឌផ្សេងៗគ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំឱ្យខាងសាលាជួយសម្រួលដំណើរការនៃការចូលរៀនបន្តនេះឱ្យបានឆាប់រហ័សផងដែរ។
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីក្មួយៗនិស្សិតគិតត្រឹមថ្ងៃនេះ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ក្មួយៗ ជាក់ស្តែង ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានអំពាវនាវដល់និស្សិតដែលរងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ វិលត្រឡប់មកសិក្សានៅប្រទេសកម្ពុជាវិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់និស្សិត។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅក្នុងប្រទេស និង ទទួលការអប់រំប្រកបដោយគុណភាព ដែលនេះគឺជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាងធនធានមនុស្សដើម្បីអនាគតប្រទេសជាតិ។ ទន្ទឹមនេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយចូលរួមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃក្រោមឈ្មោះ អាហារូបករណ៍សម្តេចតេជោ និងជាពិសេសបានជួយអនុគ្រោះពិចារណាលើការផ្ទេរក្រេឌីតសិក្សាដើម្បីពន្លឿនការសិក្សារបស់និស្សិតកម្ពុជាយើង។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយសូមចងចាំថា ការអប់រំ មិនមែនត្រឹមតែសម្រាប់ទទួលសញ្ញាបត្រទេ ប៉ុន្តែសម្រាប់បង្កើតចំណេះដឹង ជំនាញពិតប្រាកដ មានគុណធម៌សីលធម៌ មានចក្ខុវិស័យ និងរៀបចំខ្លួនឯងឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវខ្ពស់ ហើយសូមយកឱកាសនេះបង្កើតបានជាគុណប្រយោជន៍អតិបរិមា ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។
សម្រាប់និស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា សូមរួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ជាមួយគ្រឹះស្ថានដែលខ្លួនស្នើសុំ។ អាហារូបករណ៍សិក្សាក្នុងប្រទេសកម្ពុជាដែលនិស្សិតយើងទទួលបាននាពេលនេះ គឺមានតម្លៃណាស់ ដោយក្មួយៗអាចសិក្សានៅជិតគ្រួសារ នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងគ្មានការគំរាមកំហែង៕

-
កីឡា1 week ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
កីឡា1 week ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា6 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
ព័ត៌មាន7 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
Uncategorized1 week ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ
-
ព័ត៌មាន1 week ago
INTERVIEW WITH H.E. Dr. Ly Thuch, Senior Minister and First Vice-President of the Cambodian Mine Action and Victim Assistance Authority