ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកកិច្ចប្រជុំជំរុញកិច្ចសហការជួយពលរដ្ឋវិលពីប្រទេសថៃឱ្យបានល្អបំផុត
ភ្នំពេញ៖ប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុសាសន៍តម្រង់ទិសប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការងារក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី លើការងារសម្របសម្រួលទទួលដំណើរវិលពីប្រទេសថៃរបស់ពលរដ្ឋខ្មែរ យ៉ាងរលូន និងប្រកបដោយភាពកក់ក្ដៅ ទោះបីជាពួកគាត់មានការខ្វះខាតឯកសារក៏ដោយ។
ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងជំរុញការសម្របសម្រួលផ្ដល់សេវាឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានស្របតាមច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រក្រសួងការងារ ដែលបានដាក់ចេញការសម្របសម្រួលជាមួយរោងចក្រ សហគ្រាសទទួលពាក្យចូលបម្រើការងារពីពលរដ្ឋខ្មែរវិលពីប្រទេសថៃដោយពុំតម្រូវយកឯកសារចាំបាច់។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំយន្តការសហការផ្លាស់ប្ដូរព័ត៌មាន បង្ការទប់ស្កាត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយឱ្យបានសមស្រប សម្រាប់រយៈពេលតទៅមុខជាយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងដំណើរចេញនិងចូលរបស់ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមច្បាប់។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរវិលពីប្រទេសថៃជាង៩០ម៉ឺននាក់ហើយ ដោយតួលេខនេះ ត្រូវបានឯកភាពគ្នាកំណត់យ៉ាងជាក់លាក់រវាងស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន។
ឯកឧត្តម ហេង សួរ ក្រសួងការងារ បានកំណត់មុខសញ្ញាពលរដ្ឋវិលពីប្រទេសថៃជា៣ក្រុម រួមមាន ទី១-មាន២៥ ម៉ឺននាក់ ជាក្រុមមានអាយុលើស៤៥ឆ្នាំ ដែលមានគោលដៅទីផ្សារការងារក្នុងវិស័យកសិកម្ម និងសហគ្រាសតាមមូលដ្ឋាន ទី២-មានប្រមាណ៥ម៉ឺននាក់ជាក្រុមកុមារនៅជាមួយឪពុកម្ដាយនិងត្រូវសម្របសម្រួលជាមួយក្រសួងអប់រំនិងយុវជន និងកីឡា ដើម្បីចូលសិក្សាតាមសាលារៀន និងទី៣-គឺក្រុមពេញកកម្លាំងសម្រាប់ប្រឡូកក្នុងទីផ្សារការងារ និងពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ទៀតថា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងព្រៃវែង ជាខេត្តមានពលរដ្ឋធ្វើការងារនៅប្រទេសថៃច្រើន និងបានវិលមកវិញច្រើនជាងគេ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំសម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចច្រកទ្វារព្រំដែន រៀបចំទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់លំនៅឋានប្រកបដោយភាពកក់ក្ដៅ រហូតពលរដ្ឋខ្លះហូរទឹកភ្នែកស្ញប់ស្ញែងនឹងការខិតខំរបស់មន្រ្តីគ្រប់ផ្នែក។
បន្ទាប់ពីបានដឹកនាំមន្ត្រីចុះផ្ទាល់ចូលរួមទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋតាមបណ្ដាច្រកទ្វារព្រំដែន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានរំលេចពីសកម្មភាពរួមចំណែកយ៉ាងសកម្ម និងគួរឱ្យកោតសរសើររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មជាមួយមន្រ្តី និងអាជ្ញាធរ រហូតទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីតំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM និងអង្គការពលកម្មអន្តរជាតិ ILO។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ពេលនេះមន្រ្តីក្រសួងការងារ បានចុះផ្សព្វផ្សាយទីផ្សារការងារ និងប្រមូលព័ត៌មានពីពលរដ្ឋ នៅតាមឃុំ សង្កាត់ជាង៤០០ហើយ ក្នុងចំណោមផែនការជាង១០០ពាន់ឃុំ សង្កាត់ ដើម្បីកំណត់គោលដៅសម្របសម្រួលឱ្យតំណាងរោងចក្រសហគ្រាសចុះជួបសម្ភាស បន្ថែមលើការទំនាក់ទំនងតាមលេខទូរសព្ទ១២៩៧ ដែលជាមធ្យមទទួលបានការហៅចូលសម្ភាស ជាង១ពាន់នាក់ ក្នុងមួយថ្ងៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃ និងលើកទឹកចិត្តខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមពីការដាក់ចេញយន្តការថ្មីៗដើម្បីរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលដោយខុសច្បាប់ និងត្រៀមទទួលការផ្ដល់ធាតុចូល និងធ្វើការងារជាមួយក្រសួងការងារបន្ថែមទៀត។
ក្នុងកាលៈទេសៈនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនដែរថា ឯកឧត្តម បានណែនាំរដ្ឋបាលរាជធានី ខេត្ត ខិតខំដឹកនាំការសម្របសម្រួល និងបង្កលក្ខណៈ ជំរុញការរៀបចំឯកសារ គាំទ្រឱ្យកុមារជាកូនចៅពលរដ្ឋវិលពីប្រទេសថៃ ចូលសិក្សារៀនសូត្រនៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា និងទាន់ឆ្នាំសិក្សា។
ពាក់ព័ន្ធកិច្ចសហការផ្ដល់ព័ត៌មានអំពីទីផ្សារការងារជូនពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ត្រៀមគាំទ្រជាមួយក្រសួងការងារ ដោយនឹងណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារចុះគ្រប់មូលដ្ឋាន រួមទាំងខេត្តបាត់ដំបង និងព្រៃវែង រៀបចំព័ត៌មានដែល បញ្ជូនមកពីក្រសួងការងារ ដើម្បីបញ្ចូលជារបៀបវារៈ ត្រូវអនុវត្តផ្សព្វផ្សាយគ្រប់ពេលចុះមូលដ្ឋានជួបប្រជាពលរដ្ឋ៕

-
កីឡា7 days ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
កីឡា1 week ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
-
កីឡា1 week ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
កីឡា7 days ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
-
កីឡា1 week ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
ព័ត៌មាន3 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
ព័ត៌មាន1 week ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន1 week ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area