ព័ត៌មាន
ពលរដ្ឋកំពុងរៀនជំនាញវិជ្ជាជីវៈអំពាវនាវពលករមកពីថៃឆ្លៀតពេលរៀនជំនាញបន្ថែមដើម្បីឆ្លើយតបទីផ្សារការងារ
ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) បានអំពាវនាវយុវជន ជាពិសេសពលករត្រឡប់មកពីប្រទេសថៃ ដែលពុំទាន់មានគោលដៅ ឱ្យងាកមកចាប់អារម្មណ៍រៀនជំនាញវិជ្ជាជីវៈបន្ថែមដែលកំពុងមានទីផ្សារ និងឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន។
អ្នកស្រី ថៃ សុភ័ក្រ្ត មានស្រុកកំណើតមកពីខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីមានក្ដីសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះឡើងដោយរៀនមិនបង់ថ្លៃ និងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូបណ្តុះបណ្តាលជំនាញ។ អ្នកស្រីបន្តថា ការចាប់យកជំនាញវិជ្ជាជីវៈអ្វីមួយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើទោះបីជារយៈពេលខ្លី ប៉ុន្តែអាចផ្តល់នូវចំណេះ ជំនាញមួយពិតប្រាកដ។
អ្នកស្រី បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលពុំទាន់ដឹងព័ត៍មានអំពីការរៀនជំនាញវិជ្ជាជីវៈ ជាពិសេសពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ បើសិនជាមិនទាន់មានការងារថ្មីធ្វើ ឬមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន អាចចុះឈ្មោះរៀនជំនាញដោយឥតគិតថ្លៃរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីព្រោះយើងអាចធ្វើការផង និងឆ្លៀតរៀនផងក៏បានក្នុងពេលចុងសប្ដាហ៍។
លោក ស៊ុម ពិសិដ្ឋ ជាពលរដ្ឋមកពីខេត្តតាកែវ បានឱ្យដឹងថា បច្ចុប្បន្នលោកជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ។ លោកបានបន្តថា ក្រោយចប់ម៉ោងការងារ លោកបានឆ្លៀតពេលមករៀនជំនាញបន្ថែមខាងផ្នែកធុរកិច្ចភេសជ្ជៈនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលជាទីតាំងស្ថិតនៅក្បែរកន្លែងរស់នៅរបស់លោក។ លោកបន្តថា លក្ខខណ្ឌការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះ គឺមិន ស្មុគស្មាញទេ ហើយពលរដ្ឋដែលមានបណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល រហូតដល់រៀនចប់ទៀតផង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួនជាង១៣ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស ក្នុងនោះអ្នកដែលបានបញ្ចប់ និងទទួលបានការងារជាង ២ម៉ឺន ៥ពាន់នាក់។
សូមបញ្ជាក់ជូនទៀតថា វិស័យសម្រាប់បណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃនេះ មានចំនួន១០វិស័យ មានដូចជា៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្តៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិចរថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិ-ឧស្សាហកម្ម និងធុរកិច្ចនិងព័ត៍មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ