ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញសំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាននិងគ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង១៨ វិទ្យាល័យ នៅខេត្តតាកែវ តាមប្រព័ន្ធអនឡាញ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាននិងគ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ទាំង១៨ វិទ្យាល័យ នៅខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារអនុវត្តគម្រោង ម.ប.ស. របស់ ក.ប.ទ. និងលោកអគ្គនាយកប្រៃសណីយ៍កម្ពុជា សរុបប្រមាណ ១៥០ នាក់ ចូលរួមដោយផ្ទាល់នៅទីស្តីការ ក.ប.ទ. និងតាមប្រព័ន្ធអនឡាញ។
ម.ប.ស. ត្រូវបានកសាងឡើងដើម្បីរួមចំណែកគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ ដែលមានមុខងារស្នូលចំនួន ៤ គឺ៖ (១) បន្ទប់កុំព្យូទ័រ (២) បន្ទប់បណ្តុះបណ្តាល (៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង (៤) សាលសាធារណៈ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនបន្ថែមអំពីតួនាទីរបស់ ម.ប.ស. ក្នុងការបំពេញបន្ថែមលើការអប់រំផ្នែកបច្ចេកវិទ្យាឌីជីថលទៅកាន់សិស្សានុសិស្សនៅតាមវិទ្យាល័យទាំងអស់ ដោយសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការចាប់យកឌីជីថលនៅក្នុងសហគមន៍ រួមមាន ការពង្រឹងអាជីវកម្មតាមប្រព័ន្ធឌីជីថល ការចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្រិតសាកលវិទ្យាល័យ ការប្រើប្រាស់ជំនាញឌីជីថលក្នុងការងារផ្សេងៗ ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សាន វឌ្ឍនា បានលើកឡើងថា សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមាន ម.ប.ស. នឹងមានឱកាសទទួលបានការអប់រំលើចំណេះដឹងទូទៅ ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញឌីជីថលចាំបាច់ តាម Live Teaching ពីរាជធានីភ្នំពេញ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលនិងការងារសំខាន់ៗ រួមមាន ការតាមដានចំនួនសិស្សានុសិស្សដែលប្រលងជាប់ និងចំនួនដែលទទួលបាននិទ្ទេស A, B ឬ C មុននិងក្រោយមាន ម.ប.ស. ការប្រើប្រាស់មុខងាររបស់ ម.ប.ស. ឱ្យបានត្រឹមត្រូវពេញលេញ ការបណ្ដុះបណ្ដាលវគ្គខ្លីរយៈពេល ៦ខែ លើជំនាញឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកឌីជីថលចំនួន ៥០០កន្លែងសម្រាប់សិស្សានុសិស្សដែលប្រលងបាននិទ្ទេស A, B ឬ C និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលដែលផ្ដល់កម្ចីសិក្សាមិនមានការប្រាក់លើការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។
សូមជម្រាបជូនផងដែរថា ការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺបញ្ជាក់អំពីចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅក្នុងមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើននៅក្នុងសហគមន៍។ ក្នុងន័យនេះ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នឹងអាចចូលរួមក្នុងការងារតាមជំនាញ និងរៀនអំពីបច្ចេកវិទ្យាឌីជីថលដូចជា បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ធុរកិច្ចថ្មីឌីជីថល បុស្ដិ៍ប្រៃសណីយ៍ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវត្តថ្មីៗ៕








-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន5 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន6 days agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន2 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ