ព័ត៌មាន
ឯកឧត្តម ឃឹម ហ្វីណង់៖ ការធ្លាក់ចុះថ្លៃស្រូវពាក់ព័ន្ធផ្ទាល់ពីការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ និងការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៥នេះថា ការធ្លាក់ចុះថ្លៃស្រូវចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ គឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ ស្របពេលដែលមានការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ ដែលបង្កឱ្យមានបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិ។
ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ស្ថានភាពនេះបានធ្វើឱ្យថ្លៃស្រូវសើមនៅតាមប្រទេសនានាក្នុងតំបន់ រួមមានទាំងកម្ពុជាដែរនោះ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈពេលដែលរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកភាគច្រើនក៏កំពុងមានការកកស្ទះស្តុកអង្ករចាស់ ចុងអង្ករ និងកន្ទក់ជាច្រើនផងដែរ។
ជាវិធានការបន្ទាន់ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ ក្រសួងកសិកម្មបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារ ARDB អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមដល់វាល ព្រមទាំងបានដាក់ពង្រាយមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យជួយសម្របសម្រួលរកម្ចាស់រោងម៉ាស៊ីនទិញស្រូវ និងរករថយន្តដឹកឱ្យទាន់ពេលវេលា។ គោលដៅចម្បងនៃការអន្តរាគមន៍ទាំងនេះ គឺដើម្បីជួយស្តារថ្លៃស្រូវឱ្យបានកើនឡើងវិញមួយកម្រិត និងបញ្ចៀសការកកស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល។
ឯកឧត្តម បានបន្តថា ជាដំណោះស្រាយនៅរដូវកាលក្រោយៗ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាលអាចមានលទ្ធភាពអាចជួយទ្រទ្រង់ជាដើមទុនស្តារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាប ការជួយកាត់បន្ថយថ្លៃដើម និងការងាកមកចាប់យកការធ្វើកសិកម្មតាមកិច្ចសន្យា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារកសិករពីបញ្ហាវិបត្តិថ្លៃដូចពេលបច្ចុប្បន្ន។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា កសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបក្នុងរដូវកាលនេះ មិនបានជួបបញ្ហាធ្លាក់ថ្លៃដូចអ្នកនៅក្រៅសហគមន៍ឡើយ ដោយហេតុថារោងម៉ាស៊ីនដៃគូនៅតែបន្តទទួលទិញក្នុងថ្លៃខ្ពស់ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាពីដើមរដូវ៕




-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន5 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន6 days agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន2 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ