Connect with us

ព័ត៌មាន

ឧត្តមសេនីយ៍ឯក ឯក សំអូន៖កងទ័ពកម្ពុជា-ថៃនឹងជួបប្រាស្រ័យគ្នារាល់សប្តាហ៍ដើម្បីដោះស្រាយបញ្ហាដែលកើតឡើង

ភ្នំពេញ ​៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ បានឲ្យដឹងថាកម្ពុជា និងថៃបានកំពុងពិចារណាក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន នឹងមានការអនុញ្ញាតិឲ្យមេបញ្ជាការថ្នាក់មូលដ្ឋានរបស់កម្ពុជា និងថៃជួបគ្នាជារៀងរាល់សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមានឡើងនៅព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉ោយប៉ែតស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានធ្វើឡើងនៅខេត្តស្រះកែវ ប្រទេសថៃនាថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានញ្ជាក់ថា«ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល(SG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែនកងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នាជាដើម»។

​បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកឡើងផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើ នេះកម្ពុជានិងថៃក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន (Township Border Committee-TBC) ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។

ឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថាក្នុងអំឡុងពេលអន្តរកាល មុនការបង្កើតក្រុមការងារសម្របសម្រួល(CG) និងគណៈកម្មាធិការមូលដ្ឋានព្រំដែន (TBC)« មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរនឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលា សមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវឆន្ទៈដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរស័ព្ទ(ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់ និងជាក់ស្ដែងតាមរយៈក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិ ការព្រំដែនទូទៅ (GBC) នឹងយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយនោះ។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នាបញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែល បានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia