Connect with us

ព័ត៌មាន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៨ (18th AFML)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ បានបើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៨ (18th AFML) ក្រោមប្រធានបទ “ការពន្លឿនសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន”។ កម្មវិធីដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សិក្ខាសាលាដែលជាកិច្ចសហការរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង អង្គការអន្តរជាតិខាងការងារ (ILO) នេះមានគោលបំណងបីសំខាន់ដែលរួមមាន ទី១. ការប្រមូល និងចែករំលែកព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលបានផ្តល់ដោយវេទិកាអាស៊ានកន្លងមក ទី២. ពិភាក្សាលើប្រធានបទវេទិកាអាស៊ានលើកទី១៨ ស្តីពី “ការពន្លឿនសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន” និងប្រធានបទរងចំនួន ២ រួមមាន (១) គឺឆ្លើយតបទៅនឹងបរិយាកាសប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ដោយរួចផុតពីការងារដោយបង្ខំ និង (២) គឺកាត់បន្ថយការចំណាយលើការជ្រើសរើស និងការផ្ទេរប្រាក់ និងទី៣. ពិភាក្សា និងរៀបចំ ជាអនុសាសន៍របស់កម្ពុជា សម្រាប់យកទៅប្រើប្រាស់ជាធាតុចូលនៅក្នុងវេទិកា AFML លើកទី១៨ នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥។

បន្ថែមពីនេះ ស្របពេលដែលពលករខ្មែរវិលមកកម្ពុជាប្រមាណ ៩២ ម៉ឺននាក់ ឯកឧត្តម ហ៊ូ វុឌ្ឍី ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីកិច្ចអន្តរាគមន៍ចាំបាច់មួយចំនួនរបស់ក្រសួងការងារចំពោះពលករដែលត្រឡប់មកកម្ពុជាវិញដូចជាការស្វាគមន៍ ផ្តល់ទឹក អាហារសម្រន់ រក្សាសន្ដិសុខនិងសណ្ដាប់ធ្នាប់ និងការផ្តល់សេវាសង្គ្រោះបឋមដល់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃនៅមណ្ឌលសំចត ឬកន្លែងទទួលពលករ, ការផ្សព្វផ្សាយ ចុះឈ្មោះ និងផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, និងការផ្តល់មធ្យោបាយដឹកជញ្ជូនទៅកាន់ស្រុកកំណើតដែលជាកិច្ចសហការរវាងក្រសួង និងអាជ្ញាធរខេត្ត រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia