ព័ត៌មាន
រដ្ឋសភាកម្ពុជាស្នើភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់
មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។
សម្តេចបានគូសបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើសុំភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាមរយៈការទូត និងការគោរពច្បាប់អន្តរជាតិ។
សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា” សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលនៃ នយោបាយការបរទេសរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែង ជាប្រចាំស្វែងរកសន្តិភាព និងដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដោយសន្តិវិធី ដើម្បីកសាងតំបន់ព្រំដែនរបស់យើងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។
ជាថ្មីម្តងទៀត រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ភូមិថាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានផ្តួចផ្តើម និងសហការរៀបចំដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយក រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយ មានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលបានសង្គ្រោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់ និងប្រទេសជាតិទាំងមូល។ កិច្ចប្រជុំនេះក៏បានបើកផ្លូវឱ្យមានកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃ៧ សីហា ឆ្នាំ២០២៥ ដែល បានឯកភាពលើ ១៣ ចំណុចដ៏សំខាន់សម្រាប់ការអនុវត្តបន្ត។
សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវឱ្យមានការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងការរៀបចំនីតិវិធី ប្រតិបត្តិការស្តង់ដា (Standard Operation Procedure) និងលក្ខខណ្ឌ គោល (Term of Reference) នៃការចរចាដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត។ ដោយសម្ដេចក៏សូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងដោយសុច្ឆន្ទៈពិតប្រាកដ ក្នុងការជំរុញនូវកិច្ចចរចានេះ ដើម្បីឈានទៅរកប្រក្រតីភាព ឡើងវិញ នូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងសន្តិភាពយូរអង្វែង។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់មិត្តអន្តរជាតិ ដែលបានជួយជំរុញឱ្យមាន បទឈប់បាញ់ ឃ្លាំមើល និងតាមដានសកម្មភាពនៃបទឈប់បាញ់នេះ ដើម្បីជំរុញឱ្យបទឈប់បាញ់កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការ ជំរុញឱ្យមានការរៀបចំលក្ខខណ្ឌប្រតិបត្តិ នៃយន្តការតាមដានត្រួត ពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះ អាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេស និងស្ថាប័នជាមិត្ត មានជាអាទិ៍ សហភាពអឺរ៉ុប ប្រទេសចិន ប្រទេសជប៉ុន កាកបាទក្រហមកម្ពុជា កាកបាទក្រហមអន្តរជាតិ អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) អង្គការយូនីសេហ្វ (UNICEF) និងអង្គភាពការពារកុមារ (Child Protection Unit) ដែលបានផ្តល់ ជំនួយមនុស្សធម៌ ដែលកំពុងត្រូវការជាចាំបាច់ សម្រាប់ជួយដល់ជន ភៀសសឹកកម្ពុជារាប់សែននាក់។ ទឹកចិត្តសប្បុរសនេះនឹងស្ថិតជាប់ក្រឳបេះដូងប្រជាជនកម្ពុជាជានិច្ច។
ឆ្លៀតក្នុងឱកាសនេះដែរ និងជាថ្មីម្តងទៀត រដ្ឋសភាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនគ្រួសារវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជន ខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ សាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសស្រាក់សស្រាំទាំងស្មារតី ថវិកា និងសម្ភារៈ បាន ប្រមូលផ្តុំគ្នា សម្តែងមតិគាំទ្រដល់សន្តិភាព គាំទ្រដល់កងកម្លាំងក្នុងការការពារបូរណភាពទឹកដី និងទាមទារឱ្យមានការដោះលែងយោធិនកម្ពុជាចំនួន ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់ទ័ពថៃជាបន្ទាន់ និងឥតលក្ខណ្ឌ។ សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងឧត្តមប្រយោជន៍ស្នូលរបស់ប្រជាជាតិ៕
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន7 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន7 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន6 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ