ព័ត៌មាន
កិច្ចប្រជុំ RBC ព្រឹកនេះ កម្ពុជា និងថៃ បានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន
ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ចប់ ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់នូវការប្តេជ្ញាចិត្តធ្វើការរួមគ្នា ឆ្ពោះទៅការស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន ជំរុញស្មារតីនៃភាពជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុល ភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC)។
ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ភូមិចាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រី ស្តីទីនៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំង មានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីអំពីការ ប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តា យោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈ សំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជា វិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹង គោលបំណងរួមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរ ក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន (Township Border Committee-TBC) ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ក្នុងអំឡុងពេលអន្តរកាល មុនការបង្កើតក្រុមការងារសម្របសម្រួល (CG) និងគណៈ កម្មាធិការមូលដ្ឋានព្រំដែន (TBC) មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរនឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួល ខុសត្រូវរបស់ខ្លួន។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នា បញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែល បានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។
ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវឆន្ទៈ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយ គ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅ ទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និង ជាក់ស្តែង តាមរយៈក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC) ហើយនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគី ទាំងពីររួចហើយ។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ ដោយភាគីកម្ពុជា និងថៃ បានបញ្ជាក់នូវការប្តេជ្ញាចិត្តធ្វើការរួមគ្នា ឆ្ពោះទៅការស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន ជំរុញស្មារតីនៃភាពជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុល ភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះ៕



-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨