ព័ត៌មាន
សហជីពនៅកម្ពុជា៖ វិធានការរកការងារជូនពលករមកពីថៃរបស់ក្រសួងការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងបង្ហាញពីការយកចិត្តទុកដាក់
(ភ្នំពេញ)៖ សហជីពនៅកម្ពុជាវាយតម្លៃថាការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរកការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីថៃឱ្យទទួលបានឱកាសការងារ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។
លោក សំ សឿន បានគូសបញ្ជាក់ថា៖ “យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារដែលបានជួយសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺជាការចាំបាច់ និងមានសារៈសំខាន់ ហើយវាជាការយកចិត្តទុកដាក់មួយដែលក្រសួងការងារបានដាក់ចេញបន្ថែមលើការងារដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថាវិធានការដែលក្រសួងបានដាក់ចេញ គឺមានភាពល្អប្រសើរ និងស្របជាមួយនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។
លោកលើកឡើងថា៖ “នេះជាវិធានការដ៏ល្អរបស់ក្រសួងការងារក្នុងការទទួលយកពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយបានផ្តល់ការងារជូនដល់ពួកគាត់ ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជាសម្បូរនូវការងារជាច្រើនដែលមានតម្រូវការកម្លាំងពលកម្មស្រាប់”។
ជាមួយគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានគូសបញ្ជាក់ពីការចូលរួមរបស់សហជីពជាមួយក្រសួងការងារក្នុងការសម្របសម្រួលឱ្យបងប្អូនពលករខ្មែរបានចូលធ្វើការងារ ជាពិសេសគឺការបង្កើតនូវទំនាក់ទំនងល្អជាមួយនិយោជកឱ្យកាន់តែល្អប្រសើរ។
ប្រធានសហជីពរូបនេះ លើកឡើងថា៖ “ក្នុងនាមជាសហជីព ក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបានចូលរួមផ្សព្វផ្សាយដល់សមាជិកសមាជិកានៅតាមរោងចក្រ និងជួយផ្សព្វផ្សាយជាមួយនឹងនិយោជកអំពីការយកចិត្តទុកដាក់ ការរក្សាទំនាក់ទំនងល្អជាមួយពលករដែលចូលធ្វើការ ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ទៅវិញទៅមក”។
ដើម្បីធានាថាវិធានការរបស់ក្រសួងការងារកាន់តែមានប្រសិទ្ធិភាព សហជីពនៅកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ សូមរូតរះដាក់ពាក្យរកការងារធ្វើ ដើម្បីឆាប់ទទួលបានឱកាសការងារ និងសូមរក្សាភាពអត់ធ្មត់ និងជឿជាក់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងការរកការងារជូនបងប្អូនពលករ និងប្រជាជនខ្មែរគ្រប់ៗគ្នា។
បន្ថែមពីនេះ សហជីពនៅកម្ពុជាបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួងការងារក្នុងការសម្របសម្រួល និងស្វែងរកឱកាសការងារជូនដល់ពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ៕










-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន7 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន7 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន6 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ