ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារ៖ គិតត្រឹមចុងខែសីហានេះពលករវិលត្រឡប់មកពីថៃទទួលបានការងារធ្វើជិត ២០ម៉ឺននាក់
រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមានចំនួនជិត ២០ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈក្រសួង និងវិស័យឯកជន បន្ទាប់ពីក្រសួង និងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។

នៅក្រោយចប់ពិធីសម្ពោធដាក់ឱ្យដំណើរការសាខា ប.ស.ស និងមណ្ឌលស្វែងរកការងារ នៅក្នុងផ្សារទំនើប អ៊ីអន មានជ័យ កាលពីរសៀលថ្ងៃទី៣១ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា គិតចាប់តាំងពីដើមទីមក ឱកាសការងារនៅទូទាំងប្រទេសមានចំនួនជាង ៣៥ម៉ឺនកន្លែង ក្នុងនោះវិស័យធំៗចំនួន២ គឺឧស្សាហកម្ម និងកសិកម្ម កំពុងមានតំរូវការកម្លាំងពលកម្មច្រើនជាងគេ ខណៈគម្រោងវិនិយោគថ្មីៗជាច្រើនថែមទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុម័ត ដើម្បីបង្កើតរោងចក្រ សហគ្រាសនៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើរ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសពលករចំណាកស្រុកហើយខុសច្បាប់ថែមទៀត គួរពិចារណាឱ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តទៅធ្វើការងារនៅស្រុកគេព្រោះថា ក្រៅពីប្រាក់ឈ្នួលដែលមិនលើសគ្នានៅក្នុងស្រុក ក៏មិនមានអត្ថប្រយោជន៍ផ្សេងៗទៀត។ ដូចជារបបសន្តិសុខសង្គម (ប.ស.ស.) ជាដើម។ ឯកឧត្តម បានបន្ថែមថា នៅពេលមិនមានឯកសារគ្រប់គ្រាន់ហើយទៅធ្វើការនៅស្រុកគេ បងប្អូនពលករប្រឈមការធ្វើបាបពីគេផង ហើយបងប្អូនក៏អត់អាចទទួលបានសេវាសុខាភិបាលពីគេ អញ្ចឹងនៅពេលឈឺហើយទុកយូរធ្វើឱ្យសុខភាពកាន់តែលំបាក ដល់ពេលចាស់ត្រឡប់មកស្រុកកំណើតវិញ គឺថាមិនមានអ្វីទីពឹងទេ ព្រោះថាប្រាក់ដែលរកបានកន្លងមកគឺចាយអស់តែម្តង ហើយពេលខ្លះអាចក្លាយជាបន្ទុករបស់កូនចៅ ឬសាច់ញាតិក៏មានដែរ។ ប៉ុន្តែផ្ទុយទៅវិញ បើធ្វើការក្នុងស្រុកយើងវិញ ក្រៅពីប្រាក់ឈ្នួល គឺទទួលបាន ប.ស.ស. តាំងពីពេលចូលធ្វើការ ហើយប្រសិនដល់អាយុច្រើន ៦០ឆ្នាំចូលនិវត្តន៍ទៅ ក៏ ប.ស.ស. ចិញ្ចឹមទៅវិញដែរ ហើយនៅពេលមានបញ្ហាសុខភាព ទៅពេទ្យក៏មិនអស់លុយដែរ។

ពាក់ព័ន្ធការលើកឡើងខាងលើរបស់ឯកឧត្តមរដ្ឋមន្រ្តី អតីតពលករទើបត្រឡប់មកពីថៃ គឺលោក ជា វ៉េង និងលោក ឡុង គឹមហួត បច្ចុប្បន្នជាកម្មកររោងចក្រស្បែកជើង ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត និងមិនដឹងថានៅក្នុងស្រុកមានការងារសម្បូរបែបនេះ ទើបបង្ខំចិត្តទៅធ្វើការនៅស្រុកគេ។ ពួកគាត់ បានឱ្យដឹងស្រដៀងគ្នាទៀតថា ទៅថ្ងៃអនាគតខាងមុខ ប្រសិនបើស្ថានភាពព្រំដែនវិលមកប្រក្រតីឡើងវិញ ក៏មិនវិលត្រឡប់ទៅធ្វើការនៅថៃវិញទេ ដោយសារនៅកម្ពុជាមានការងារល្អៗជាច្រើនធ្វើ ប្រាក់ឈ្នួលក៏សមរម្យ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ដែលនៅស្រុកគេមិនមានផ្តល់ឱ្យ។ ជាពិសេស អាចរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិដោយភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងការរស់នៅដោយគ្មានការរើសអើងជាតិសាសន៍ជាដើម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ រួមទាំងអតីតពលករខាងលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករដទៃផ្សេងទៀត ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដោយឥតគិតថ្លៃ ដើម្បីសួរព័ត៌មានអំពីឱកាសការងារ ខណៈដែលសព្វថ្ងៃនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន បានកំពុងប្រកាសជ្រើសរើសកម្លាំងពលកម្មរាប់ម៉ឺនកន្លែងនៅទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន6 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន6 days agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ