Connect with us

ព័ត៌មាន

ធនាគារជាតិដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់នៅប្រទេសអូស្រ្តាលី

ធនាគារជាតិនៃកម្ពុជា កំពុងជំរុញលើកកម្ពស់ប្រាក់រៀល តាមរយៈការដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរ ប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ដើម្បីជួយសម្រួល នឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលី ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

លោក លី ស៊ីដេត ឧបការីទេសាភិបាល និងជាអគ្គបេឡាធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញចូលរួមសម្ពោធដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុង មែលប៊ន ប្រទេសអូស្រ្តាលី ដែលមានការចូលរួមពីលោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ ប្រចាំ ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ នៃក្រុមហ៊ុន Travelex។

កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex នៃការដាក់ឱ្យមានការជួញដូរប្រាក់រៀល នៅប្រទេសអូស្រ្តាលី នេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលី ដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅ ប្រទេសអូស្រ្តាលី អាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលីយកប្រាក់រៀលបានងាយស្រួល ដែលនឹងរួម ចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលី ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ទន្ទឹមនេះ វត្តមានប្រាក់រៀលនៅលើតារាងជួញដូរ ក្នុងប្រទេសអូស្រ្តាលី ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការ រក្សាស្ថិរភាពប្រាក់រៀលអស់រយៈពេលជាងពីរទសវត្សកន្លងមក។

គួររំលេចថា នេះជាលើកទីបួនហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីនៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន អាកាសយានដ្ឋាន អន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ ធនាគារជាតិនៃកម្ពុជា នឹងបន្តសិក្សាពីលទ្ធភាពដាក់ប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតនៅលើពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia