ព័ត៌មាន
៦ខែដើមឆ្នាំនេះមន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានជិត២ម៉ឺនច្បាប់ ខណៈចុងឆ្នាំនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងដាក់ឱ្យដំណើរការសេវាឌីជីថល
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរម្លឹកថា ក្រសួងមហាផ្ទៃ បានធ្វើយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័តនៅទូទាំងប្រទេសរយៈពេលជាង២ឆ្នាំ នៅឆ្នាំ២០០៤ និងឆ្នាំ២០០៦ ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងភាពជោគជ័យនៃការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងអំឡុងពេលយុទ្ធនាការ ឯកឧត្តមបានឱ្យដឹងថា ការអនុវត្តចុះបញ្ជីនោះ ក៏ជួបបញ្ហាប្រឈមមួយចំនួន គឺកំហុសឆ្គងទិន្នន័យ ជាអាទិ៍ ខុសអក្ខរាវិរុទ្ធលើនាមត្រកូល-នាមខ្លួន ឬខុសថ្ងៃខែឆ្នាំកំណើត ឬខុសទីកន្លែងកំណើត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញអនុក្រឹត្យស្តីពីមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ដោយបានផ្តល់សមត្ថកិច្ចពិនិត្យសម្រេចកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ហើយបន្ទាប់មក ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រួមមាន សេចក្តីណែនាំ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋាន ដែលត្រូវអនុវត្តក្នុងរយៈពេល០២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតឆ្នាំ២០១៩ សេចក្តីណែនាំ ស្ដីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន និង សេចក្តីណែនាំ ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលកំពុងអនុវត្តជាធរមាននាពេលបច្ចុប្បន្ន។
បើតាម សេចក្តីណែនាំទាំងនេះ ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលអាចកែតម្រូវបាន គឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ច្រឡំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងនោះមាន ខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ការសរសេរខុស “ភេទ” ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ខុសថ្ងៃកំណើតសុរិយគតិ ខុសថ្ងៃកំណើតចន្ទគតិ ការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល ខុសខ្ទង់ទីកន្លែងកំណើតសាមីខ្លួន ខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន និងកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។
សម្រាប់ប្រជាពលរដ្ឋដែលមានកំហុសឆ្គងទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានដូចបានរៀបរាប់ខាងលើ សូមដាក់ពាក្យស្នើសុំ ១.សម្រាប់បញ្ជីនៅក្នុងឆ្នាំកំពុងអនុវត្ត (គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ មិនទាន់ឆ្លងចូលឆ្នាំថ្មី) ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅរដ្ឋបាល ឃុំ សង្កាត់ ។ ២.សម្រាប់បញ្ជីនៅក្នុងឆ្នាំកន្លងផុត (ហួសឆ្នាំកំពុងអនុវត្តនៃការចុះបញ្ជី) ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅទីតាំងណាមួយដូចជា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬ នាយកដ្ឋានអត្រានុកូលដ្ឋាន។ ដោយឡែក ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ក្រៅពី៩ចំណុចដែលបានកំណត់រៀបរាប់ខាងលើ មិនមែនជាសមត្ថកិច្ចរបស់មន្រ្តីអត្រានុកូលដ្ឋានថ្នាក់ជាតិទេ គឺជាសមត្ថកិច្ចរបស់តុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់។
ផ្អែកលើមូលដ្ឋាននៃការអនុវត្ត ការងារកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ឯកឧត្តមអគ្គនាយកអត្តសញ្ញាណកម្មបានកត់សម្គាល់ជារួមថា កំហុសទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋមានលក្ខណៈចម្រុះ និងស្មុគស្មាញ ខណៈកំហុសមួយចំនួនបានកើតឡើងដោយអចេតនា ដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រី និងកំហុសមួយចំនួនទៀតបានកើតឡើងដោយបងប្អូនប្រជាពលរដ្ឋផ្តល់ទិន្នន័យមិនត្រឹមត្រូវ។
បើតាមឯកឧត្តមអគ្គនាយក ដើម្បីចៀសបង្កើតកំហុសទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក៏បានណែនាំដល់ជំនួយការរដ្ឋបាលឃុំ សង្កាត់ ឬស្មៀន និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ ពិនិត្យផ្ទៀងផ្ទាត់រាល់ទិន្នន័យជាមួយឯកសារភ្ជាប់ឱ្យបានច្បាស់លាស់ និងត្រូវសាកសួរបញ្ជាក់អ្នកស្នើសុំចុះបញ្ជីមុនសម្រេចចុះបញ្ជី និងចេញសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ។ សម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំ សូមពិនិត្យរាល់ទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវជាមុនសិន។ ក្នុងករណីឃើញមានកំហុសប្រជាពលរដ្ឋត្រូវស្នើសុំមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ កែតម្រូវទិន្នន័យកំហុសភ្លាមៗ។
បច្ចុប្បន្ន ឯកឧត្តម បណ្ឌិត តុប នេត បានបង្ហើបឱ្យដឹងថា អនុវត្តតាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននឹងកំពុងរៀបចំសេចក្ដីព្រាង កំណត់ពីសមត្ថកិច្ចកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត និងរៀបចំប្រព័ន្ធកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្នាក់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ដើម្បីផ្ដល់ជម្រើសជូនពលរដ្ឋ អាចស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិក បន្ថែមលើការស្នើសុំដោយផ្ទាល់ ដោយការងារនេះអាចនឹងដាក់ដំណើរការនៅត្រីមាសទី៤ ឆ្នាំ២០២៥៕

-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦