ព័ត៌មាន
អូស្ត្រាលីកំពុងក្លាយជាទីផ្សារល្អ សម្រាប់ការនាំជលផលកែច្នៃពីកម្ពុជាក្នុងមួយឆ្នាំៗ រាប់សិបតោន
សៀមរាប៖ ប្រទេសអូស្ត្រាលី កំពុងក្លាយជាទីផ្សារល្អមួយសម្រាប់កម្ពុជា ដោយផលិត ផលជលផលកែច្នៃរបស់កម្ពុជា រាប់សិបតោនក្នុងមួយឆ្នាំៗ ត្រូវបាននាំទៅកាន់ទីនោះ ខណៈផលិតផលនេសាទនេះ ក៏កំពុងពេញនិយមផងដែរ នៅក្នុងទីផ្សារអ៊ឺរ៉ុប អាមេរិក និងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី ។
ជាក់ស្ដែងសហគ្រាស សាន់នី ហ្វីស (Sunny Fish) មានទីតាំងស្ថិតក្នុងសង្កាត់ ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលក្នុងមួយឆ្នាំៗ បាននាំនូវផលិតផលជលផល កែច្នៃមួយចំនួន ទៅកាន់ទីផ្សារអូស្ត្រាលីចំនួន ៤កុងទីន័រ ដែលស្មើនឹងប្រមាណជា ៣២ តោន ជាមួយនឹងការចុះកុងត្រាប្រចាំឆ្នាំផងដែរ នេះបើតាមការឲ្យដឹងពីលោកស្រី ស៊ឹម សិរីរត្ន ម្ចាស់សហគ្រាស សាន់នី ហ្វីស ។
លោកស្រី បានឲ្យដឹងថា សហគ្រាសនេះ មានអាយុកាលជាង២៥ឆ្នាំមកហើយ ដោយជំហាន ដំបូងការផលិតកែច្នៃជលផល ក្នុងមួយសប្ដាហ៍ត្រឹមតែជាង ៥គីឡូក្រាម ប៉ុណ្ណោះ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ដោយសារមានការជួយជ្រោមជ្រែង ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) របស់សហភាពអ៊ឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងកម្មវិធី ហិរញ្ញវត្ថុគាំទ្រ ការវិនិយោគ (ISF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមានការ គាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេសនោះ សហគ្រាសបាន ពង្រីកការផលិតក្នុងមួយថ្ងៃ ត្រីចំនួនប្រមាណ ១តោនកន្លះ ។
លោកស្រីបន្តថា សម្រាប់ផលិតផលជលផលដែលសិប្បកម្មបានកែច្នៃ មានដូច ជា ត្រីស្រស់បង្កក ត្រីងៀត ត្រីឆ្អើរ ត្រីផាត់ ផ្អក និងប្រហុកសាច់ត្រីជាដើម ដោយក្រៅ ពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក សហគ្រាសនេះ ក៏បាននាំចេញទៅក្រៅប្រទេសផងដែរ ។
លោកស្រី ស៊ឹម សិរីរត្ន បានគូសបញ្ជាក់ថា បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បាននាំគ្នា ពហិកា មិនប្រើប្រាស់ផលិតផលពីប្រទេសថៃ ធ្វើឱ្យការលក់ផលិតផលជលផល ក្នុង សហគ្រាសសាន់នីហ្វីស មានចំនួនកើនឡើង ទាំងតម្រូវកាក្នុងស្រុក និងតម្រូវការនៅ ក្រៅប្រទេស ។
លោកស្រី បានបន្ថែមថា បន្ទាប់ពីមានការគាំទ្របច្ចេកទេស ថវិកា និងស្តង់ដារ អនាម័យ ធានាបាននូវសុវត្ថិភាពចំណីអាហារ សហគ្រាសសាន់នីហ្វីស ក៏កំពុងត្រៀម ទទួលបានវិញ្ញាបន័បត្រ បញ្ជាក់គុណភាពសុវត្ថិភាពពីសហភាពអឺរ៉ុប ដើម្បីនាំផលិត ផលចូលទីផ្សារសហភាពអឺរ៉ុបកាន់តែទូលំទូលាយជាងមុន។ ការណ៍ដែលអាចនាំចេញ ផលិតផលមួយចំនួន ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ព្រោះតែផលិតផលទាំងនេះ ធានា នូវសុវត្ថិភាពចំណីអាហារ និងគ្មានផ្ទុកសារធាតុគីមី ហើយក្រៅពីនេះសហគ្រាសក៏ បាន ជួយលើកកម្ពស់ជីវភាពប្រជានេសាទ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារល្អប្រសើរជាងមុន ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ថា ការនាំទៅកាន់ទីផ្សារអូស្ត្រាលី សម្រាប់ផលិតផល ជលផលកែច្នៃ របស់សិប្បកម្មសាន់នីហ្វីសនេះ គឺជាជោគជ័យមួយរបស់កម្ពុជា ក្នុងការ ខិតខំលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលខ្មែរ ឲ្យមានលក្ខណៈស្ដង់ដារ និង មានការប្រកួតប្រជែង ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ក្នុងការនាំផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ ។
ជាមួយនេះលោកជំទាវ បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងបន្តនៅជាមួយសហ គ្រាស និងសិប្បកម្មកែច្នៃផលនេសាទ ដែលទទួលបានគម្រោង CAPFISH-Capture បើទោះបីជាគម្រោងនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ដើម្បីពង្រឹងនូវគុណភាពបន្ថែម ទៀត ក្នុងការនាំផលិតផលជលផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបានកាន់តែច្រើន៕
អត្ថបទ បាន សុខរិទ្ធិ

-
ព័ត៌មាន1 week ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន5 days ago
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
-
ព័ត៌មាន5 days ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន5 days ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន4 days ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យព្រឹទ្ធសភា៖ វៀតណាមចង់ជំរុញការដឹកជញ្ជូនប្រទេសទាំង២ ឈានដល់គោលដៅ ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week ago
សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម ប្រកបដោយផ្លែផ្កា
-
ព័ត៌មាន1 week ago
គម្រោងវិនិយោគនៅកម្ពុជា កើន ៧១% ខណៈទុនវិនិយោគកើន ២,៥ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥