ព័ត៌មាន
បណ្ដាទូត និងសហគមន៍អន្តរជាតិបន្ត ចេញសារស្វាគមន៍ និងគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ
គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៥ ថ្ងៃហើយ ក្រោយប្រទេសកម្ពុជា និងថៃ ទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយគ្នា ដែលបានចូលជាធរមានកាលពីរំលងអធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគី នៃប្រទេសទាំងពីរ ដូចជា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលកន្លងទៅជាដើម។
តាមរយៈលទ្ធផលជាវិជ្ជមានទាំងនេះ បណ្ដាស្ថានទូតបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហគមន៍អន្តរជាតិ និងមេដឹកនាំកំពូលពិភពលោក បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រការអនុវត្តបាន និងទទួលបានលទ្ធផលជាវិជ្ជមានចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃរហូតមកទល់ពេលនេះ។
ជាក់ស្ដែង តាមរយៈជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Bridgette L. Walker ភារធារីស្តីទីនៃស្ថាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៥ ខែកញ្ញានេះ។ លោកជំទាវបានបញ្ជាក់នូវជំហររបស់ អាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ដូចជាបញ្ហាប្រឈមព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ហើយជាជំហររបស់អាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែនកម្ពុជា-ថៃវិលទៅរកភាពប្រក្រតីឡើងវិញពោលគឺសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកចង់ឲ្យភាគីទាំងពីរអនុវត្តក៏ដូចជាការបង្កើតឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងទៅ ហើយអាមេរិកនឹងខិតខំជំរុញឲ្យមានអ្នកសង្កេតការណ៍អាស៊ានដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅនោះ។
ជាមួយគ្នានេះ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញាកន្លងទៅនេះនៅប្រទេសចិន, ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់, គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។
ចំណែកប្រទេសជប៉ុន, អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងប្រទេសកម្ពុជា និងថៃ បានបញ្ចប់ កាលពីថ្ងៃទី១០ ខែកញ្ញានេះបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន សាទរដែលប្រទេសកម្ពុជា និងថៃបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទងនឹង ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញនូវដឹកជញ្ជូនតាមច្រកព្រំដែនដែលនេះបង្ហាញពីលទ្ធផលដ៏សំខាន់ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលជប៉ុនក៏សម្តែងការវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន។
រីឯស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញានេះ ក៏បានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុងផងដែរ។ ស្ថានទូតអង់គ្លេស បញ្ជាក់បន្ថែមថា លទ្ធផលនេះជាការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី ការដោះមីនមនុស្សធម៌ និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងព្រំដែន។ ទូតអង់គ្លេស លើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ជាមួយគ្នានេះ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈបណ្តាញសង្គម X នៅថ្ងៃទី១១ ខែកញ្ញានេះ បានអះអាងថា អូស្រ្តាលីបានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ កម្ពុជា និងថៃ (GBC)នេះផងដែរ។ លោកបានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ផងដែរ។
ចំណែក លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកលើកិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ បានថ្លែងថា «សហភាពអឺរ៉ុបអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរវាងកម្ពុជា-ថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។ ភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង។ សហភាពអឺរ៉ុបគាំទ្រប្រធានអាស៊ានម៉ាឡេស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង»។






-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន5 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ
-
ព័ត៌មាន3 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន3 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី